វា​អាច​ធ្វើ​ឲ្យ​ស្លាប់​បាន​ណា៎​!

July 31, 2006

នា​រាត្រី​ដ៏​សែន​ស្ងាត់​ក្រោម​ដួង​ច័ន្ទ​ដ៏​សែន​ស្អាត​មាន​ជីង​ចក់​ញី​មួយ​ដ៏​សែន​ស្រស់​ផូ​ផង់​និង​ជីង​ចក់​ឈ្មោល​មួយ​ដ៏​សែន​សង្ហា​កំពុង​តែ​សារ​សង​ស្នេហា​គ្នា​នៅ​លើ​ជញ្ជាំង​ស្រាប់​តែ​មី​ញី​ចេញ​វា​ចា​រ​ដ៏​ជ្រាល​ជ្រៅ​មួយ​ម៉ាត់​ទៅ​កាន់​អា​ឈ្មោល​មាន​អី​ឮ​តែ​សំលេង ​អា​ឈ្មោល​ស្រែក​ថា ៖ "​អូស​!​" ហើយ​ក៏​​ធ្លាក់​ពី​លើ​ជញ្ជាំង​តែ​ម្ដង​។​តើ​អ្នក​ដឹង​ថា​ជីង​ចក់​ញី​និយាយ​ទៅ​កាន់​ជីង​ចក់​ឈ្មោល​យ៉ាង​ម៉េច​ទេ​?​តាម​ពិត​ទៅ​ជីង​ចក់​ញី​នោះ​និ​យាយ​ទៅ​កាន់​អាឈ្មោល​នោះ​ថា ៖ "​បង​សំលាញ់​ឱប​អូន​មក​!​" ។​ជីង​ចក់​ឈ្មោល​ក៏​លើក​ដៃ​ទាំង​ទ្វេ​ចង់​ក្រសោប​ជីង​ចក់​ញី​នោះ​…​ទើប​បាន​ក្លាយ​ជា​យ៉ាង​នេះ​ ៕

ដកស្រង់ពី ៖ សំណើច​កក់ក្ដៅ 

ថ្ងៃ​សយ​របស់​ខ្ញុំ​

មាន​បុរស​ ក ម្នាក់​កំពុង​អង្គុយ​ពិបាក​ចិត្ត​តែ​ឯង​នៅ​ក្នុង​តៀម​ស្រា​មួយ​ និង​មាន​ស្រា​មួយ​កែវ​នៅ​ពី​មុខ​គាត់​។​ក្នុង​ខណៈ​នោះមាន​បុរស​ ខ ម្នាក់​ទៀត​ដើ​រ​ចូល​មក​ ហើយ​ពិបាក​ចិត្ត​ក៏​លើក​កែវ​ស្រា​នោះ​ផឹក​តែ​ម្ដង​។​ពេល​នោះ​បុរស​ ក ក៏​ស្រែក​យំ​ដោយ​ស្ដាយ​ស្រា​មួយ​កែវ​នោះ​ណាស់​។​បុរស​ ខ ក៏​និយាយ​ទៅ​កាន់​បុរស​ ក នោះ​ថា ៖ "​ហេតុ​អី​ចាំ​បាច់​យំ ចាំ​ខ្ញុំ​ចាក់​ស្រា​មួយ​កែវ​ទៀត​​ឲ្យ​លោក​វិញ​ មិនអីទេ!"

បុរស​ ក ក៏​និយាយ​ទៅ​កាន់​បុរស​ ខ​ វិញ​ដោយ​ក្រៀម​ក្រំ​ថា ៖ "​ថ្ងៃ​នេះ​ខ្ញុំ​សយ​ណាស់​គ្រាន់​តែ​ក្រោក​ទៅ​ធ្វើ​ការ​យឺត​ក៏​ត្រូវ​គេ​បញ្ឈប់​ពី​ការ​ងារ​ ហើយ​ពេល​ខ្ញុំ​ចេញ​ពី​ក្រុម​ហ៊ុន​ឡាន​ខ្ញុំ​ត្រូវ​បាន​ចោរ​លួច​បាត់​ទៀត​ ពេល​ខ្ញុំ​ត្រលប់​មក​ផ្ទះ​វិញ​ប្រពន្ធ​ខ្ញុំ​ក៏​សុំ​លែង​ខ្ញុំ​ទៀត​ ហើយ​គ្រាន់​តែ​ខ្ញុំ​ចង់​ផឹក​ស្រា​ពុល​មួយ​កែវ​នេះ​សំលាប់​ខ្លួន​ក៏ត្រូវ​លោក​ផឹក​មុន​បាត់​ទៀត​ ខ្ញុំ​ពិត​ជា​សយ​ណាស់​មែន​ទេ​ ថ្ងៃនេះ"។

"​ហា៎​!​ស្រាពុល​…​ជួយ​ផង​…​!!!​"

ដកស្រង់ពី ៖ សំណើច​កក់ក្ដៅ

 

ភ្លេច​លាង

July 28, 2006

ម្ដាយ ៖ "​កូនប្រុស​!​តើ​ហេតុ​អ្វី​បាន​ជា​កូន​ផឹក​ទឹក​ច្រើន​យ៉ាង​នេះ​?​"
កូន ៖ "​អំបាញ់​មិញ​កូន​បាន​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ណា​ម៉ែ​!​"
ម្ដាយ ៖ "​ហើយ​វា​យ៉ាង​ម៉េច​ដែរ​កូន​?​"
កូន ៖ "​កូន​ភ្លេច​លាង​វា អញ្ចឹង​ហើយ​កូន​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​លាង​វា​ទើប​បាន​ល្អ​!​"

ដកស្រង់ពី ៖ សំណើច​កក់ក្ដៅ

 

ស្រេច​តែ​បង​រើស​!

July 27, 2006

មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ ប្ដី​ចេញ​ពី​ធ្វើ​ការ​មក​ផ្ទះ​ប្រពន្ធ​បាន​រៀប​ចំ​អាហារ​រួច​ជា​ស្រេច​សំរាប់​ទទួល​ប្ដី​។​

ប្រពន្ធ ៖ "​បង​ថ្ងៃ​នេះ​អូន​មាន​ម្ហូប​សំរាប់​បង​រើស​​ណា​បង​!​"
ប្ដី ៖ "​អញ្ចឹង​មាន​ម្ហូប​អី​ដែរ​អូន​?​"
ប្រពន្ធ ៖ "​ឆា​ស្ពៃ ម៉េច​ដែរ​បង​សំលាញ់​!​"​
ប្ដី ៖ "​អូយ​! អត់​មាន​ជំរើស​អី​ផ្សេង​ទៀត​ទេ​អី​អូន​?​"
ប្រពន្ធ ៖ "​មាន​តើ​បង​! នៅ​មាន​ជំរើស​ពីរ​ទៀត​បង​!​"
ប្ដី ៖ "​មាន​អី​ខ្លះ​ទៀត​ទៅ​អូន​​?​"
ប្រពន្ធ ៖ "​ទី​មួយ​គឺ​ស៊ី​ ទី​ពីរ​គឺ​មិន​បាច់​ស៊ី​ ចង់​ជ្រើស​រើស​អាណា​តាម​ចិត្ត​បង​ចុះ​​!!​"

ដកស្រង់ពី ៖ សំណើច​កក់ក្ដៅ

 

ចាំ​និយាយ​ជា​មួយ​គាត់​ទៅ​

July 26, 2006

មាន​អ្នក​ជំងឺ​ត្រូវ​វះ​កាត់​ម្នាក់​មុន​នឹង​ចូល​បន្ទប់​វះ​កាត់​គាត់​បាន​ឃើញ​គិលានុបដ្ឋាយិ​កា​ម្នាក់​ស្អាត​ដើរ​ចូល​មក​ពិនិត្យ​គាត់​ពេល​នោះ​គាត់​សួរ​ទៅ​កាន់​នាង​ថា ៖ "​ក្រោយ​ពី​វះ​កាត់​រួច​តើ​អ្នក​គ្រូពេទ្យ​អាច​ផ្ដល់​ការ​ណាត់​មួយ​ដល់​ខ្ញុំ​ដែរ​ឬ​ទេ​?​"​។ គិលានុបដ្ឋាយិកា ៖ "​អញ្ចឹង​សួរ​មិត្ត​ប្រុស​ខ្ញុំ​សិន​ទៅ​!​"

អ្នក​ជំងឺ ៖ "​ហើយ​គាត់​នៅ​ឯណា​ដែរ​? ខ្ញុំ​ចង់​ជួប​គាត់​ឥឡូវ​នេះ​!​" គិលានុបដ្ឋាយិកា ៖ "ហា៎…​កុំ​តក់​ក្រ​ហល់​អី បន្តិច​ទៀត​គាត់​មក​វះ​កាត់​ឲ្យ​លោក​ឥ​ឡូវ​ហើយ​ចាំ​និយាយ​ជាមួយ​គាត់​ខ្លួន​ឯង​ទៅ​!​"

ដកស្រង់ពី ៖ សំណើច​កក់ក្ដៅ 

និយម​ន័យ​នៃ​ពាក្យ

July 25, 2006

អ្វី​ទៅ​ជា​ ស្រ្តេស​ ភាពតានតឹង​ និង​ ភាព​ភ័យ​ស្លន់​ស្លោរ​?
ស្រ្តេស​ ៖
"​គឺ​ជា​អារម្មណ៍​ម្យ៉ាង​នៅ​ពេល​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​"
ភាពតាន​តឹង ៖ "​ជា​អារម្មណ៍​ម្យ៉ាង​នៅ​ពេល​សង្សារ​មា​ន​ផ្ទៃ​ពោះ​"​ ។​
ភាពភ័យ​ស្លន់​ស្លោរ ៖ "​គឺ​ជា​អារម្មណ៍​ពិសេស​ម្យ៉ាង​នៅ​ពេល​អ្នក​ទាំង​ពីរ​មាន​ ​ផ្ទៃពោះ​ដំណាល​គ្នា"

ចង់​ឡើង​ឋាន​សួគ៌

មាន​បុរស​បី​នាក់​បាន​​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចៃដន្យ​មួយ​។​អ្នក​ទីមួយ​ជា​អ្នក​រើស​សំ​រាម​ អ្នក​ទី​ពីរ​ជា​​កម្មករ អ្នក​ទី​បី​ជា​មេធាវី​។​ក្រោយ​ពេល​ស្លាប់​អ្នក​ទាំង​បី​មាន​បំណង​ចង់​ឡើង​ឋាន​សួគ៌​ ដូច​នេះ​យមរាជ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ឆ្លើយ​សំនួរ​ម្ដង​ម្នាក់​។​ប្រសិន​បើ​អ្នក​ទាំង​បី​ឆ្លើយ​ត្រូវ​សំនួរ​ ពួក​គេ​អាច​ឡើយ​ឋាន​សួគ៌​បាន​ តែ​យមរាជ​តម្រូវ​ឲ្យ​មើល​ខ្សែ​ភាព​យន្ត​ជា​មុន​ លុះ​ដល់​ពេល​មើល​ខ្សែ​ភាពយន្ត​ចប់​ យម​រាជ​ចាប់​ផ្ដើម​សួរ​ទៅ​កាន់​បុរស​ទី​មួយ​មុន​គេ​នូវ​សំនួរ​ដែល​មាន​ខ្លឹម​សារ​ថា ៖ "​តើ​កប៉ាល់​ដែល​បាន​បុក​ផ្ទាំង​ទឹក​កក​នៅ​កណ្ដាល​សមុទ្រ​អា​ត្លង់​ទិច​មាន​ឈ្មោះ​អ្វី​?"​ បុរស​ទី​មួយ​ដែល​ជា​អ្នក​រើស​សំរាម​បាន​ឆ្លើយ​យ៉ាង​លឿន​ថា ៖ "​កប៉ាល់​ Titanic "។​ "​ត្រឹម​ត្រូវ​​!​"​ យមរាជ​បាន​សរសើរ​​ហើយ​ក៏​អនុញ្ញាតិ​ឲ្យ​បុរស​នេះ​ឡើង​ឋាន​សួគ៌ ។​បន្ទាប់​មក​ដល់​វេន​អ្នក​ទី​ពីរ​ដែល​ជា​កម្មករ​ ៖ "​តើ​ក្នុង​ឧប្បត្តិហេតុ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ប៉ុន្មាន​នាក់​?"​ យម​រាជ​សួរ​ទៅ​កាន់​បុរស​ទី​ពីរ​ បុរស​ទីពីរ​ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា ៖ "​ជាង​១៥០០​នាក់​"​ "​ត្រឹម​ត្រូវ​!"​ យមរាជ​ស្រែក​សរសើរ​ទៀត​ ហើយ​ក៏​ឲ្យ​បុរស​នោះ​ឡើង​ឋាន​សួគ៌​ម្នាក់​ទៀត​។​មក​ដល់​វេន​អ្នក​ទី​បី​​ យមរាជ​ចាប់​ផ្ដើម​គិត​ថា​ សំនួរ​របស់​អញ​ហាក់​ដូច​ជា​ងាយ​ៗ​ពេក​មួយ​សន្ទុះ​ក្រោយ​មក​ យមរាជ​ក៏​នឹក​ឃើញ​នូវ​សំនួរ​សំរាប់​បុរស​ទីបី​ដែល​ជា​មេធា​វី​ ហើយ​បាន​ចោទ​សួរ​ថា ៖ "​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ​?"​ មេធាវី !!!!!!!!

វិស្វករ Microsoft

មាន​វិស្វករ​បី​នាក់​ជិះ​នៅ​លើ​រថយន្ត​តែ​មួយ​។ ​វិស្វករ​ទាំង​នេះ​រួម​មាន​វិស្វករ​អគ្គីសនី​ វិស្វករ​គីមី​ វិស្វករ​Microsoft នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​រំពេច​នោះ​ស្រាប់​តែ​រថយន្ត​ក៏​ខូច​និង​ឈប់​នៅ​ផ្នែក​ម្ខាង​នៃ​ផ្លូវ​ថ្នល់​ វិស្វករ​ទាំង​បី​នាក់​សំឡឹង​មុខ​គ្នាដោយ​អាការៈ​ឆ្ងល់​ថា​មាន​បញ្ហា​អ្វី។

ពេល​នោះ​វិស្វករ​អគ្គីសនី​បញ្ចេញ​មតិ​ឲ្យ​ពុះ​ជា​ផ្នែក​ៗ​នៃ​គ្រឿង​អេ​ឡិច​ត្រូនិច​របស់​រថយន្ត​ដើម្បី​តាម​ដាន​កន្លែង​ណា​ដែល​មាន​បញ្ហា​។ ​វិស្វករ​គីមី​ក៏​មាន​មតិ​ដែរ​តែ​គាត់​ពុំ​ដឹង​អ្វី​ទាក់​ទង​នឹង​រថយន្ត​ គាត់​ទាមទារ​ថា​ប្រហែល​មក​ពី​ប្រេង​រំអិល​ដែល​កំពុង​តែ​ត្រូវ​គាប​ចេញមក​នោះ​ជាប់​គាំង​នៅ​កន្លែង​ណាមួយ​ហើយ​។​ បន្ត​ពី​អ្នក​ទាំង​ពីរ​ខាង​លើ​ស្រាប់​តែ​វិស្វករ​Microsoftបញ្ចេញ​មតិ​ដោយ​គាត់​ពុំ​យល់​ដឹង​អ្វី​ទាំង​អស់​គាត់​ទាម​ទារ​ថា ៖ "​ហេតុ​អ្វី​កគ៏​ពួក​យើង​មិន​នាំ​គ្នា​បិទ​​ Windows ទាំង​អស់​រួច​ចេញ​ក្រៅ​ហើយ​ត្រលប់​​ចូល​វិញ​ ហើយ​បើក​ Windows​ ម្ដង​ទៀត​វា​ប្រហែល​ជា​ដំណើរ​ការ​វិញ​ហើយ​?​"

កុំព្យូទ័រ​នាង​ខ្ញុំ​មាន Windows

មាន​ស្រ្តី​សក់​ទង់​ដែង​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ហាង​លក់​វាំង​ននហើយ​បាន​សួរ​ទៅកាន់​អ្នក​លក់​ថា ៖ "នាង​ខ្ញុំ​ចង់​ទិញ​វាំង​នន​ពណ៌​ផ្កា​ឈូក​មួយ​ទំហំ​ប៉ុន​អេក្រង់​កុំព្យូទ័រ​នាង​ខ្ញុំ​"​
បុរស​អ្នក​លក់​ឆ្លើយ​តប​យ៉ាង​ភ្ញាក់​ផ្អើល​ថា ៖ "​ប៉ុន្តែ​…​អ្នក​ស្រី​​ កុំព្យូទ័រ​គ្មាន​វាំង​នន​ទេ​…​"​
ស្រ្តី​តប​ទៅ​វិញ​ថា ៖ "​សុំទោស ចា៎ស កុំ​ព្យូទ័រ​នាង​ខ្ញុំ​មាន​ Windows ណា​"​

បុរស​អ្នក​លក់ ៖ "​…………………????

តើ​លុយ​អាច​ទិញ​អ្វី​ៗ​ទាំង​អស់​បាន​ទេ​?

July 24, 2006
  • លុយ​អាច​ទិញ​ផ្ទះ​​ ប៉ុន្តែ​មិន​អាច​ទិញ​ស្រុក​កំណើត

  • លុយ​អាច​ទិញគ្រែ ប៉ុន្តែ​មិន​អាច​ទិញ​ការ​គេង​លក់

  • លុយ​អាច​ទិញនាឡិកា ប៉ុន្តែ​មិន​អាច​ទិញ​ពេល​វេលា

  • លុយ​អាច​ទិញ​សៀវ​ភៅ ប៉ុន្តែ​មិន​អាច​ទិញ​ចំណេះ​ដឹង

  • លុយ​អាច​ទិញ​ចំណី ប៉ុន្តែ​មិន​អាច​ទិញ​ការ​ស្រេក​ឃ្លាន

  • លុយ​អាច​ទិញ​​តួនាទី​ ប៉ុន្តែ​មិន​អាច​ទិញ​ការ​គោរព

  • លុយ​អាច​ទិញ​​ឈាម ប៉ុន្តែ​មិន​អាច​ទិញ​ជីវិត

  • លុយ​អាច​ទិញ​ថ្នាំ ប៉ុន្តែ​មិន​អាច​ទិញ​សុខ​ភាព

  • លុយ​អាច​ទិញ​​ការ​រួម​ភេទ ប៉ុន្តែ​មិន​អាច​ទិញ​ការ​ស្រលាញ់

  • លុយ​អាច​ទិញ​​ការ​ធានា​រ៉ាប់​រង​ ប៉ុន្តែ​មិន​អាច​ទិញ​​សុវត្ថិភាព

លោក​អ្នក​ឃើញ​ទេ​ មាន​លុយ​មិន​មែន​មាន​ន័យ​ថា​មាន​អ្វី​ៗ​ទាំង​អស់​នោះ​ទេ​៕

មួក​សំបុក

July 21, 2006

បុរស​បី​នាក់​​ត្រលប់​ពី​បុណ្យ​ចុង​ភូមិ​វិញ​ទាំង​ខ្លួន​ស្រវឹង​ស្រា​ ដើរសំដៅ​ទៅ​ផ្ទះ​ឆ្លង​កាត់​វាល​ស្រែ​។​បុរស​ទាំង​បី​ដើរ​បណ្ដើរ​ច្រៀង​បណ្ដើរ​ក៏​ប្រទះ​ឃើញ​អាចម៍​គោ​មួយ​ដុំ​នឹក​ស្មាន​ថា​ជា​មួក​សំបុក​។​បុរស​ទី​មួយ​លូក​ដៃ​រើស​ដឹង​ច្បាស់​ថា​ជា​អាចម៍​គោ​ក៏​និយាយ​ថា ៖ "​មួក​សំបុក​នេះ​រហែក​ហើយ​ខ្ជិល​យក​ណាស់​វ៉ើយ​!​"​។​បុរស​ទី​ពីរ​មាន​ចិត្ត​ចង់​បាន​ក៏​និយាយ​ថា ៖ "​មួក​រហែក​នេះ​ចាំ​អញ​យក​ទៅ​ប៉ះ​​"​ រួច​បុរស​ទីពីរ​ក៏​យក​ដៃ​លូក​ចាប់​ដឹង​ច្បាស់​ទៀត​ថា​ជា​អាចម៍​គោ​ហើយ​ក៏​និយាយ​ថា ៖ "​មួក​នេះ​រហែក​ធំ​ពេក​យក​មិន​កើត​ទេ​!​"​។ ឮ​ដូច្នោះ​បុរស​ទី​បី​ក៏​ស្រែ​ក​ឡើង​ភ្លាម​ ៖ "​មើល​!​រហែក​ប៉ុណ្ណា​ ចាំ​អញ​យក​ទៅ​ប៉ះ​"​ និយាយ​ចប់​ភ្លាម​បុរស​ទី​បី​ក៏​លូក​ដៃ​ចាប់ ៖ "​យី​!​ អាចម៍​គោ​ក៏​ពួក​វា​មិន​ប្រាប់​!!​"

កូន​ល្អ

July 18, 2006

មាន​លោក​យាយ​ម្នាក់​ដែល​ថ្មី​ៗ​នេះ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ស្ទើ​មើល​លែង​ឃើញ​ទៅ​ហើញ​គាត់​មាន​កូន​ប្រុស​៣​នាក់​ហើយ​ពួក​គេ​ម្នាក់​ៗ​ចង់​បង្ហាញ​ថា​រូប​គេ​ជា​កូន​ល្អ​ជាង​គេ​ដូច​នេះ​ពួក​គេ​ក៏​ខំ​រក​វិ​ធី​ផ្គប់​ផ្គន់​ម្ដាយ​របស់​ខ្លួន​ដោយ​ទិញ​របស់​ជា​អំណោយ​សំរាប់​ថ្ងៃ​ខួប​កំ​ណើត​ខាង​មុខ​នេះ ៖

កូន​ទី​មួយ​បាន​ទិញ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​មួយ​មាន​១៥​បន្ទប់​ឲ្យ​ម្ដាយ​របស់​គេ ដោយ​គិត​ថា​ម្ដាយ​គេ​​ពិត​ជា​ពេញ​ចិត្ត​ព្រោះ​មាន​តែ​រូប​គេ​ទេ​ដែល​មាន​លទ្ធ​ភាព​ទិញ​វីឡា​ដ៏​ធំ​នេះ​ឲ្យ​ម្ដាយ​។

កូន​ទី​​ពីរ​បាន​ទិញ​រថយន្ត​ម៉ាក​ម៉ែក​សឺ​ដែសដ៏​ថ្មី​ស្រឡាង​មួយ​ឲ្យ​ម្ដាយព្រម​ទាំង​ជួល​តៃ​កុង​ឡាន​ម្នាក់​ផង​ដែរ​ដោយ​ប្រាកដ៏​ចិត្ត​ថា​គេ​នឹង​ទទួល​បាន​ការ​សរសើរ​ថា​ជា​កូន​ល្អ​ជាង​គេ​។

ដោយ​ឡែក​កូន​ទី​បី​វិញ​គិត​​ថា​គួរ​តែ​ធ្វើ​អ្វី​ដែល​ល្អ​ជាង​កូន​ទី​មួយ​ទី​ពីរ​ទៀត​ដូច​នេះ​គេ​ក៏​សំរេច​ចិត្ត​ទិញ​សត្វ​សេក​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហាត់​យ៉ាង​ជំ​នាញ​អស់​ជាង​១៥​ឆ្នាំ​​មក​ហើយ​ឲ្យ​ចេះ​និយាយ​ អាន​អក្សរ​ វា​ថែម​ទាំង​ចេះ​ចាំ​រាល់​ឃ្លា​ដែល​មាន​ក្នុង​គម្ពីរ​ធម៌​ទាំង​មូល​ផង​ដែរ​។​​គេ​គិត​ថា​ម្ដាយ​របស់​គេ​នឹង​ពេញ​ចិត្ត​សត្វ​សេក​មួយ​នេះ​។

ក្រោយ​ថ្ងៃ​ខួប​កំណើត​លោក​យាយ​ក៏​ហៅ​កូន​ទាំ​ង​បី​មក​ហើយ​និយាយ​ទៅ​កាន់​កូន​ទី​មួយ​ថា​ ៖​​ "​កូន​ម្ដាយ​ផ្ទះ​ដែល​កូន​បាន​ទិញ​ពិត​ជា​ស្អាត​មែន​ប៉ុន្តែ​វា​ពិត​ជា​ធំ​ពេក​ហើយ​សំរាប់​ម្ដាយ​គឺ​ម្ដាយ​រស់​នៅ​តែ​ក្នុង​បន្ទប់​មួយ​វា​គ្រប់​គ្រាន់​ហើយ​ផ្ទះ​នេះ​វា​ធំ​ពេក​ពិបាក​ណាស់​ក្នុង​ការ​ថែ​រក្សាជូត​សំ​អាត​។​ម្ដាយ​មិន​​ត្រូវ​ការ​ផ្ទះ​ដ៏​ធំ​នេះ​ទេ​តែ​ម្ដាយ​អរគុណ​កូន​ច្រើន​ហើយ​"​។​បន្ទាប់​មក​គាត់​និយាយ​ទៅ​កាន់​កូន​ទី​ពីរ​ថា​ ៖ ​"​កូន​សំលាញ់​ឡាន​កូន​ទិញ​មក​វា​ស្អាត​មែន​មាន​ឧបករណ៍​អ្វី​ៗ​សព្វ​គ្រប់​និង​ទំ​នើប​ប៉ុន្តែ​ម៉ែ​មិន​ចេះ​បើក​ឡាន​ទេ​ហើយ​ក៏​មិន​ចូល​ចិត្ត​តៃ​កុង​ឡាន​ដែល​កូន​បាន​ជួល​មក​ដែរ​អញ្ចឹង​យក​ឡាន​នេះ​ឲ្យ​អ្នក​លក់​វិញ​ទៅ​​"​។​ចុង​ក្រោយ​គាត់​និយាយ​ទៅ​កាន់​កូន​ទី​បី​ថា ៖ "​កូន​ប្រុស​ម្ដាយ​អរគុណ​កូន​ខ្លាំង​ណាស់​សំរាប់​កាដូ​ដែល​កូន​បាន​ឲ្យ​ម្ដាយ​ពេញ​ចិត្ត​ណាស់​ មាន់​នេះ​វា​តូច​មែន​​តែ​មាន​រស់​ជាតិ​ឆ្ងាញ់​!​"​

ស្នៀត​ពិសេស​របស់​នារី

ប្រុស​ស្អាត​ម្នាក់​ស្លៀក​ពាក់​យ៉ាង​សង្ហា​ជិះ​រថភ្លើង​ទៅ​លេង​ផ្ទះ​បង​ប្អូន​នៅ​ខេត្ត​កំពត​។​អង្គុយ​ចំ​ពី​មុខ​ប្រុស​ស្អាត​មាន​នារី​ម្នាក់​ដែល​ចេះ​តែ​សំ​លឹង​ប្រុស​ស្អាត​មិន​ដាក់​ភ្នែក​។​នាង​ព្យាយាម​ញាក់​ភ្នែក​ហើយ​យក​ដៃ​លាត់​សំពត់​បញ្ចេញ​គល់​ភ្លៅ​សាច់​ស​ខ្ចី​សិច​ស៊ី​ដាក់​គាត់​ តែ​ប្រុស​ស្អាត​នោះ​បែ​ជា​សំលឹង​មើល​ទៅ​ខាង​ក្រៅ​បង្អួច​ធ្វើ​ព្រងើយ​។​នេះ​ធ្វើ​ឲ្យ​នារី​នោះ​ខឹង​យ៉ាង​ខ្លាំង​នាង​មិន​អស់​ចិត្ត​ក៏​បញ្ចេញ​ស្នៀត​ពិសេស​របស់​នាង​ គឺ​នាង​ងើប​ឈរ​ចំ​ពី​មុខ​បុរស​នោះ​បន្ទាប់​មក​លាត់​សំពត់​ដល់​ចង្កេះ​។​ពេល​នោះ​បុរស​ក៏​ចាប់​ផ្ដើម​បែរ​មុខ​មក​ នាង​ញញឹម​ហើយ​គិត​ក្នុង​ចិត្ត​ថា ៖ "​ប្រុស​ណា​ក៏​មិន​អាច​ទ្រាំ​នឹង​ស្នៀត​ពិសេស​របស់​ខ្ញុំ​បាន​ដែរ​…​"​ ភ្លាម​នោះ​ស្រាប់​តែ​ឮ​បុរស​និយាយ​ ៖ "​យី​…​ធំ​ក្លិន​ស្អុយ​ក្រពិ​ៗ​ ប្រហែល​ជា​ជិត​ដល់​ខេត្ត​កំពត​ហើយ​តាម​មើល​"​។ តាម​ពិត​បុរស​នោះ​ជា​អ្នក​ពិ​កា​ភ្នែក​សោះ​!​

ដកស្រង់ពី ៖ មហាសំណើច 

កេរ្ដ៍​របស់​សង្សារ

មាន​សង្សារ​មួយ​គូ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ញ៉ាំ​​អី​នៅ​បាខែង​។​នៅ​តាម​ផ្លូវ​ពួក​គេ​បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​នារី​ត្រូវ​របួស​ត្រង់​ក្បាល​។​បុរស​នោះ​ភ័យ​ខ្លាំង​ណាស់​ គេ​ប្រញាប់​ប្រញាល់​ជូន​នារី​ទៅ​មន្ទីរ​ពេទ្យ​។​លោក​គ្រូ​ពេទ្យ​ឃើញ​អាការៈ​របួស​របស់​នាង​ហើយ​ក៏​និយាយ​ ៖ "​តោះ​ឆាប់​ឡើង​!​បញ្ជូន​នាង​ចូល​បន្ទប់​កាត់​សេ​ភ្លាម​!!​"​ ឮ​ដូច្នោះ​ភ្លាម​បុរស​ភ័យ​ខ្លួន​ហើយ​ឃាត់​សួរ​លោក​គ្រូ​ពេទ្យ ៖ "ពុទ្ធោ​លោក​គ្រូ​ពេទ្យ​!​សង្សារ​ខ្ញុំ​ត្រូវ​របួស​ក្បាល​ទេ​តើ​ ម៉េច​ក៏​បញ្ជូន​ទៅ​បន្ទប់​កាត់​សេ​វិញ​???​" លោក​គ្រូ​ពេទ្យ​តប ៖ ប្អូន​យល់​ច្រលំ​ហើយ​ គឺ​ខ្ញុំ​និយាយ​ភា​សា​បារាំង​ បន្ទប់​កាត់​សេ​មាន​ន័យ​ថា​ បន្ទប់​លេខ​ ៤C !​"

ដកស្រង់ពី ៖ មហាសំណើច 

បង​ធំ​ៗ

July 17, 2006

មាន​លោក​តា​ម្នាក់​គាត់​កំ​ពុង​ដើរ​រក​មើល​ទិញ​សត្វ​ចិញ្ចឹម​ក៏​ប្រ​ទះ​ឃើញ​សត្វ​សេក​ហើយ​ចាប់​អា​រម្មណ៍​ចង់​ទិញ​យក​មក​ចិញ្ចឹម​ដូច​នេះ​គាត់​ក៏​ចូល​ទៅ​សួរ​អ្នក​លក់​ ៖

លោក​តា ៖ តើ​សេក​មួយ​នេះ​ថ្លៃ​ប៉ុន្មាន​?
អ្នក​លក់ ៖ លោក​តា អា​មួយ​នឹង​ថ្លៃ​ ៥០០​ ដុល្លារ​។
លោក​តា ៖ អេ​! ម៉េច​ក៏​ថ្លៃ​ម្លេះ​!
អ្នក​លក់ ៖ អា​មួយ​នឹង​​វា​ចេះ​និយាយ​បី​ភា​សា​ឯ​ណោះលោក​តា ខ្មែរ​ អង់​គ្លេស ចិន
លោក​តា ៖ អ៎ ហ៎!!

ដោយ​សារ​ឃើញ​ថ្លៃ​ពេក​លោក​តា​ក៏​មើល​បន្ត​ហើយ​សួរ​តម្លៃ​សេក​អា​មួយ​នៅ​ក្នុង​​ទ្រុង​បន្ទាប់​
លោក​តា ៖ ចុះ​អា​មួយ​នេះ​វិញ​ថ្លៃ​ប៉ុន្មាន​ដែរ​?
អ្នក​លក់ ៖ ១០០០ ដុល្លារ
លោក​តា ៖ ថា​ម៉េច​! ១០០០ ដុល្លារ​?​អាមួយ​មុន​ចេះ​បី​ភាសា​ ចុះ​អា​នេះ​វា​ចេះ​អ្វី​ខ្លះ​បាន​ជា​ថ្លៃ​យ៉ាង​នេះ​
អ្នក​លក់ ៖ បាទ​ ១០០០​ ដុល្លារ អាមួយ​នេះ​វា​ចេះ​បី​ភាសា​ដែរ​ហើយ​ថែម​ទាំង​ចេះ​កុំ​ព្យូទ័រ​​ Word, Excel ទៀត​ផង។
លោក​តា ៖ អ៎ ហ៎ ចុះអាមួយ​ខាង​ចុង​គេ​ឯណោះ​វិញ​ប៉ុន្មាន​ដែរ​?
អ្នក​លក់ ៖ ១៥០០ ដុល្លារ​
លោក​តា ៖ ចុះ​វា​ចេះ​អី​ខ្លះ​ដែរ​?​បាន​ជា​ថ្លៃ​ជាង​អា​ពីរ​នោះ​ទៀត​
អ្នក​លក់ ៖ ខ្ញុំ​ក៏​មិន​ដឹង​ថា​វា​ចេះ​អ្វី​ដែរ តែឃើញ​អា​ពីរ​នោះ​ហៅ​វា​ថា​ "​ បង​ធំ​ៗ "​

ប្ដី​ខ្លា​ប្រពន្ធ​តោ

ពូ​សាត​មក​អង្គុយ​និយាយ​គ្នា​លេង​នៅ​ផ្ទះ​ពូ​សន​។ ពូ​សាត​អួត ៖ "​ប្រពន្ធ​អញ​ខ្លាច​អញ​ណាស់​ អញ​ថា​ស្ដាំ​គឺ​ស្ដាំ​ ឆ្វេង​គឺ​ឆ្វេង មិន​ហ៊ាន​ត​ម៉ាត់​។​ចុះ​ប្រពន្ធ​ឯង​វិញ​យ៉ាង​ណា​ដែរ​?​"​
ពូសន ៖ ប្រពន្ធ​អញ​ក៏​ខ្លាច​អញ​ដែរ នាង​អត់​ហ៊ាន​រញ៉េ​រញ៉ៃ​ជាមួយ​អញ​ទេ​…​"​ ពូសន​និយាយ​មិន​ទាន់​រួច​ពី​មាត់​ស្រាប់​តែ​ប្រពន្ធ​គាត់​ស្រែក​ដាក់​ ៖ "​តា​កញ្ចាស់​!!​យក​ខោ​អាវ​ទៅ​បោក​ភ្លាម​!​!​!"
ពូសន​ខ្សឹប​ប្រាប់​ពូសាត ៖ "​ឯង​ចាំ​មើល​អញ​ស្រែក​ដាក់​នាង​វិញ​ណា​…​"
ពូសន ៖ "​ឯ​ណា​សាប៊ូ​!!!​??"​៕

ដកស្រង់ពី ៖ មហាសំណើច 

គ្រោះ​ថ្នាក់​អគ្គីភ័យ

July 16, 2006

ពាក់​កណ្ដាល​អធ្រាត​ពេល​ពូ​មេត​ក្រោក​ទៅ​បត់​ជើង​តូច​គាត់​ឃើញ​ភ្លើង​កំ​ពុង​តែ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ផ្ទះ​គាត់​។​គាត់​ទាញ​ទូរ​ស័ព្ទ​ចុច​ទៅ​ភ្នាក់​ងារ​ពន្លត់​អគ្គីភ័យ​ភ្លាម​។

ភ្នាក់​ងារ​អគ្គីភ័យ  "​អា​ឡូ​!​ជំរាប​សួរ​?​"
ពូ​មេត  "​ជួយ​ផង​!​ផ្ទះ​ខ្ញុំ​កំពុង​ត្រូវ​ភ្លើង​ឆេះ​!​"
ភ្នាក់​ងារ​អគ្គីភ័យ  "​តើ​ឆេះ​នៅ​ទី​ណា​ពូ​?"
ពូ​មេត 
"​ឆេះ​នៅ​ផ្ទះ​បាយ​….​"
ភ្នាក់​ងារ​អគ្គីភ័យ 
"​​ខ្ញុំ​ចង់​ដឹង​ថា​តើ​ពូ​នៅ​ម្ដុំ​ណា​ដែរ​???​"
ពូ​មេត 
"​ខ្ញុំ​ឈរ​នៅ​ត្រង់​មាត់​បង្អួច​បន្ទប់​ទទួល​ភ្ញៀវ​ណា​ក្មួយ​។​"
ភ្នាក់​ងារ​អគ្គីភ័យ 
"​មិន​មែន​អញ្ចឹង​ទេ​!​គឺ​ខ្ញុំ​ចង់​ដឹង​ថា​តើ​ផ្ទះ​ពូ​នៅ​ទី​កន្លែង​ណា​ដែរ​????​"
ពូ​មេត 
"​ok ok ផ្ទះ​ខ្ញុំ​នៅ​លើ​ឡៅ​គេ​បង្អស់​!​"
ភ្នាក់​ងារ​អគ្គីភ័យ 
"​OH MY GOD!​ស្ទះ​ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ​!​"

ដកស្រង់ពី៖ មហាសំណើច


ពិបាកចិត្ត​ចង់តែយំ

មាន​មនុស្ស​ម្នាក់​មិន​មាន​សំណាង​ក៏​លង់ទឹក​ស្លាប់បាត់ទៅ ហើយ​មាន​មនុស្ស​ជា​ច្រើន​ចោមរោម​មើល​ ក្នុងនោះ​មាន​បុរស​ម្នាក់ ហាក់​ដូច​ជាមានការឈឺ​ចាប់​យ៉ាងខ្លាំង។ ពេលនោះ​បុរសម្នាក់​ដែល​ឈរ​ក្បែរ​គាត់​សួរ​ថា ៖ "​តើគាត់ជា​សាច់ញាតិ​លោក​ឬ? មើល​ទៅ​លោក​ដូចជា​ឈឺ​ចាប់​ខ្លាំង​ណាស់!"។ "មិនមែន​ទេ! ប៉ុន្ដែ​ឈឺចាប់​ជាង​សាច់ញាតិទៅទៀត។ ការពិត​ទៅ​គាត់​នៅ​ជំពាក់​លុយ​ខ្ញុំ​ជាង​មួយលាន​រៀលទៀត មិន​ដឹង​ធ្វើ​ដូច​ម្ដេច​ទើ​ប​បាន​មកវិញ ពិតជាធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ចង់​តែ​យំ!" បុរសនោះ​តប​វិញ។

ដកស្រង់ពី ៖ អស់កង្វល់

ស្វា​ឪ​និង​តោ

July 15, 2006

បុរស​ម្នាក់​បាន​ដាក់​ពាក្យ​សុំ​បំរើ​ការងារ​ក្នុង​សួន​សត្វ​មួយ​នៅ​កណ្ដាល​ទី​ក្រុង​។ ​ក្រោយ​ពេល​គាត់​បាន​ឃើញ​សេចក្ដី​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ដែល​ប្រាប់​ពី​ប្រាក់​ខែ​ច្បាស់​លាស់​ប៉ុន្តែ​មិន​បញ្ជាក់​ថា​ធ្វើ​អ្វី​នោះ​ទេ​។ ​កន្លង​មក​សួន​សត្វ​នេះ​បាន​ចំណាយ​រាប់​លាន​ដុល្លារ​ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​ទាក់​ទាញ​អ្នក​ទស្សនា​មក​មើល​សត្វ​ស្វាឪ​ ប៉ុន្តែ​វា​បាន​ងាប់​បាត់​ដោយ​គ្មាន​មូល​ហេតុ​អ្វី​សោះ​ដូច​នេះ​ពួក​គេ​ត្រូវ​ការ​សត្វ​ស្វា​ឪ​មួយ​ទៀត​មក​ជំ​នួស​​។​ បុរស​នេះ​គាត់​ត្រូវ​ការ​លុយ​និង​ការ​ងារ​ជា​ចាំ​បាច់​ដូច​នេះ​​គាត់​ក៏​សំរេច​ចិត្ត​ព្រម​ទទួល​ការ​ងារ​នេះ​។ ​ជា​រៀង​រាល់​ថ្ងៃ​គាត់​តែង​តែ​ដើរ​តួ​ជា​សត្វ​ស្វា​ឪ​ដោយ​ស្លៀក​ពាក់​ស្បែក​ជា​ស្វា​ឪ​ហើយ​រត់​លេង​ក្នុង​ទ្រុង​។​បាន​មួយ​រយៈ​ក្រោយ​មក​គាត់​មាន​អារម្មណ៍ ចូល​ចិត្ត​ការ​ងារ​នេះ​ណាស់​ហើយ​តែង​តែ​បន្លាច​ក្មេង​ៗ​លេង​និង​ស្រែក​តាម​របៀប​សត្វ​ស្វា​ដាក់​ក្រុម​មនុស្ស​មក​ទស្សនា​និង​ស៊ី​ចេក​ព្រម​ទាំង​ចំណី​សំរាប់​ស្វាឪ​ (​អ្នក​ប្រហែល​ជា​ដឹង​ថា​ វា​ស្អី​ខ្លះ​ហើយ​) ។​ ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​គាត់​បាន​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ក្នុង​សួន​សត្វ​ហើយ​គាត់​តែង​តែ​តោង​លេង​ពី​មែក​ឈើ​មួយ​ទៅ​មួយ​និង​វល្លិ​ដែល​មាន​នៅ​ទី​នោះ​ធ្វើ​ឲ្យ​ភ្ញៀវ​មក​ទស្សនា​ម្នាក់ៗ​ចូល​ចិត្តគាត់​​យ៉ាង​ខ្លាំង​។

នា​ថ្ងៃ​អា​ទិត្យ​មួយ​ មាន​មនុស្ស​ជា​ច្រើន​មក​ទស្សនា​ពេល​នោះ​គាត់​កំពុង​តែ​លោត​លេង​ពី​ដើម​ឈើ​មួយ​ទៅ​មួយ​ចៃ​ដន្យ​អី​គាត់​យោល​វល្លិ​មួយ​ហួស​របង​ហើយ​ធ្លាក់​ចូល​ក្នុង​ទ្រុង​ដាក់​តោ​​ធ្វើ​ឲ្យ​តោ​ដែល​កំពុង​ដេក​បើក​ភ្នែក​ឡើង​ហើយ​ដើរ​លប​ៗ​​សំដៅ​មក​រក​ស្វាឪ​ដោយ​ស្រក់​ទឹក​មាត់​ធ្វើ​ឲ្យ​ស្វាឪ​ថយ​រហូត​ដល់​ទល់​នឹង​របង​។ ​ពេល​ដែល​តោ​មក​គៀក​ស្វា​ឪ​ក៏​លើក​ដៃ​រាឡើង​ហើយ​ស្រែក​ថា ៖ "​ជួយ​ផង​ជួយ​ផង​!​ខ្ញុំ​មិន​មែន​ជា​សត្វ​ស្វា​ឪ​ទេ​ ខ្ញុំ​ជា​មនុស្ស​ ជួយ​ផង​!​"​ បន្ទាប់​មក​តោ​ក៏​និយាយ​ថា ៖ "​ឆ្កួត​ទេ​ឬ​!​ បិទ​មាត់​ឯង​​ចង់​ឲ្យ​គេ​ដេញ​យើង​ចេញ​ពី​ការ​ងារ​ឬ​?​" ៕

ម៉ែ​បោក​ !

ពីរ​នាក់​ប្ដី​ប្រពន្ធ​ទើប​នឹង​រៀប​ការ​ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ទៅ​ញ៉ាំ​​អាហារ​នៅ​ក្នុង​ហាង​មួយ​ ពេល​កំពុង​ញ៉ាំ​មាន​ស្រ្តី​ចំណាស់​ម្នាក់​នៅ​តុ​ក្បែរ​នោះ​ចេះ​តែ​សំលឹង​មើល​មក​អ្នក​ទាំង​ពីរ​ហើយ​ពេល​សំលឹង​ចំ​មុខ​ចេះ​តែ​ញញឹម​ដាក់​។​ មួយ​សន្ទុះ​ក្រោយ​មក​ស្រ្តី​ចំណាស់​នោះ​ក៏​ដើរ​មក​កាន់​តុ​អ្នក​ទាំង​ពីរ​ និយាយ​ថា​ ៖ "ក្មួយ​ស្រី​ឯង​មុខ​ដូច​កូន​ស្រី​អ៊ុំ​ណាស់​តែ​គួរ​ឲ្យ​ស្ដាយ​នាង​ស្លាប់​បាត់​ទៅ​ហើយ​ មុន​នឹង​អ៊ុំ​ដើរ​ចេញ​ទៅ​សុំ​ក្មួយ​ហៅ​អ៊ុំ​ថា ម៉ាក់​មួយ​ម៉ាត់​បាន​ទេ​"? ​រួច​ស្រ្តី​ចំណាស់​នោះ​ក៏​ដើរ​ចេញ​ទៅ​។​ អ្នក​ទាំង​ពីរ​គិត​ឡើង​អាណិត​ដល់​អ៊ុំ​ស្រី​ក៏​លើក​ដៃ​លា​និយាយ​ថា​ ៖ "​បាយ​បាយ​ម៉ាក់​…​"​ ទៅ​កាន់​អ៊ុំ​ស្រី​។​ ពេល​នោះ​អ៊ុំ​ស្រី​ក៏​លើក​ដៃ​បាយ​បាយ​តប​វិញ​ហើយ​ប្រាប់​អ្នក​គិត​លុយ​ថា​ ៖ "​ចាំ​គិត​លុយ​ពី​កូន​ខ្ញុំ​ទាំង​ពីរ​នោះ​ទៅ​"​ ហើយ​គាត់​ក៏​ដើរ​ចេញ​ទៅ​បាត់​។ ​ពេល​ហូប​អាហារ​ហើយ​អ្នក​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​ហៅ​ឲ្យ​គេ​គិត​លុយ​ដោយ​ឃើញ​គិត​លុយ​លើស​ក៏​សួរ​ទៅ​អ្នក​គិត​លុយ​ថា​ ៖ "​ខ្ញុំ​ហូប​អស់​តែ​ពីរ​ចាន​ហេតុ​អ្វី​គិត​ដល់​ទៅ​បី​ចាន​?​"​ អ្នក​គិត​លុយ​តប​វិញ​ ៖ "​ម៉ាក់​លោក​ឲ្យ​គិត​លុយ​ពី​អ្នក​ទាំង​ពីរ​"​៕

ខ្មោច​បី​ឈរ​ជំ​នុំ​គ្នា

July 14, 2006

នៅ​យប់​មួយ​ម៉ោង​ប្រមាណ​ជា​១២យប់​មាន​ខ្មោច​បី​នាក់​បាន​ជួប​ពិភាក្សា​គ្នា​។​ ខ្មោច​ដែល​ឈរ​នៅ​ខាង​​ឆ្វេង​បាន​សួរ​ទៅ​ខ្មោច​ដែល​នៅ​ខាង​ស្ដាំ​ថា ៖ "​នែ អា​ខ្មោច​ដែល​ឈរ​នៅ​ខាង​ស្ដាំ​តើ​ឯង​ស្លាប់​ដោយ​សារ​អ្វី​?​" ខ្មោច​ដែល​ឈរ​នៅ​ខាង​ស្ដាំ​ឆ្លើយ ៖ "​យើង​វេទនា​ណាស់​គឺ​យើង​ស្លាប់​ដោយ​សារ​ចោរ​ប្លន់​ គឺ​គេ​បាញ់​គ្នា​ចំនួន​បី​គ្រាប់​ ត្រង់​ក្បាល​ ត្រង់​ដើម​ទ្រូង​ និង​លឹង្ហ​ ដូច្នេះ​ហើយ​ទើប​ឥឡូវ​យើង​ពុំ​អាច​ទៅ​រក​ស្រី​ញី​ឯ​ណា​បាន​"​។​ ឆ្លើយ​ចប់​ខ្មោច​ឈរ​នៅ​ខាង​ស្ដាំ​បាន​សួរ​ទៅ​កាន់​ខ្មោច​ដែល​ឈរ​នៅ​ខាង​ឆ្វេង​វិញ​ម្ដង​ ៖ "​រួច​ចុះ​ឯង​ស្លាប់​ដោយ​សារ​អ្វី​ដែរ​?" ខ្មោច​ដែល​ឈរ​នៅ​ខាង​ឆ្វេង​ឆ្លើយ​ ៖ "​យើង​ក៏​មិន​ខុស​ពី​ឯង​ដែរ​ គឺ​យើង​ស្លាប់​ដោយ​​សារ​ឡាន​បុក​"​។​ បន្ទាប់​ពី​ខ្មោច​ទាំង​ពីរ​ឆ្លើយ​ប្រាប់​គ្នា​រួច​ហើយ​គេ​ក៏​សួរ​ទៅ​ខ្មោច​ដែល​ឈរ​នៅ​កណ្ដាល​វិញ​ ៖ "​ចុះ​ឯង​ស្លាប់​ដោយ​សារ​អ្វី​ដែរ​?​" ពេល​ឮ​ដូច​នេះ​អ្នក​ដែល​ឈរ​​នៅ​កណ្ដាល​ក៏​ស្រែក​យំ​ហ៊ូរ ​ឃើញ​ដូច​នោះ​ខ្មោច​ដែល​ឈរ​នៅ​សង​ខាង​នឹក​គិត​ថា​ប្រហែល​​ជា​វា​កំសត់​ជាង​ខ្លួន​ទៀត​មើល​ទៅ​ហើយ​ក៏​ប្រាប់​ទៀត​ថា ៖ "​ឯង​កុំ​យំ​អី​ ប្រាប់​គ្នា​មក​ចាំ​គ្នា​ជួយ​រំលែក​ទុក្ខ​ឯង​" ពេល​ឮ​ហើយ​អ្នក​ឈរ​នៅ​កណ្ដាល​ឆ្លើយ​ទាំង​ញ័រ​ថា ៖ "​ខ្ញុំ​អត់​មាន​ស្លាប់​ដោយ​សារ​អ្វី​ទេ​!​ ហើយ​ខ្ញុំ​ពុំ​ទាន់​ស្លាប់​ដែរ​ពេល​នេះ​គឺ​ខ្ញុំ​​មក​បត់​ជើង​ធំ​តែ​ប៉ុណ្ណោះ​"​ ៕

សំណើរ​ចុង​ក្រោយ

បុរស​ដែល​ជា​មិត្ត​ភ័ក្តិ​នឹង​គ្នា​បី​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ក្រ​ឡាប់​ឡាន​មួយ​។​ពួក​គេ​ក៏​បាន​ជួប​គ្នា​នៅ​ក្នុង​ឋាន​នរក​។ ​មុន​នឹង​យមរាជ​កាត់​សេចក្ដី​ យម​រាជ​បាន​សួរ​ទៅ​កាន់​បុរស​ទាំង​បី​នោះ​ថា ៖ "​នៅ​ពេល​ដែល​ឯង​ទាំង​បី​នៅ​ក្នុង​ក្ដារ​មឈូស​ តើ​ឯង​ចង់​ឮ​អ្វី​ពី​មិត្ត​ភ័ក្តិ​ឬ​ក៏​ក្រុម​គ្រួសារ​របស់​ឯង​​នៅ​ពេល​ដែល​គេ​មក​គោរព​បូជា​សព​?​"​។​ បុរស​ទី​មួយ​ ៖ "​ខ្ញុំ​ចង់​ឮ​ពួក​គេ​និយាយ​ថា ខ្ញុំ​គឺ​ជា​គ្រូពេទ្យ​ដ៏​ពូ​កែ​និង​ជា​មេ​គ្រួសារ​ដ៏​ល្អ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​រស់​"​។​ បុរស​ទី​ពីរ ៖ "​ខ្ញុំ​ចង់​ឮ​ពួក​គេ​និយាយ​ថា ខ្ញុំ​គឺ​ជា​ប្ដី​ដ៏​ល្អ​និង​ជា​គ្រូ​បង្រៀន​ម្នាក់​ដ៏​អស្ចារ្យ​ហើយ​មាន​ការ​សោក​ស្ដាយ​នៅ​ពេល​បាត់​រូប​ខ្ញុំ​ទៅ​"​។ ​បុរស​ទី​បី ៖ "​ខ្ញុំ​ចង់​ឮ​ពួក​គេ​និយាយ​ថា នែ​ក្រឡេក​មើល​!​ គាត់​កំ​រើក​ហើយ​"​ ៕

ក្មេង​ប្រុស​ដ៏​ឆ្លាត

ក្មេង​ប្រុស​ដ៏​គួរ​ឲ្យ​រំខាន​ម្នាក់​បាន​ឡើង​ជិះ​លើ​រថយន្ត​ក្រុង​មួយ​ហើយ​អង្គុយ​នៅ​លើ​កៅ​អី​ខាង​មុខ​ក្រោយ​តៃ​កុង​ឡាន​។ ​​មួយ​សន្ទុះ​ក្រោយ​មក​ក្មេង​ប្រុស​នោះ​ចាប់​ផ្ដើម​ស្រែក​ ៖ "​ប្រសិន​បើប៉ា​របស់​ខ្ញុំ​ជា​គោ​ឈ្មោល​ ម៉ាក់​របស់​ខ្ញុំ​ជា​គោ​ញី​ ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​កូន​គោ​"​។ ​តៃកុង​ឡាន​ធុញ​ទ្រាន់​សំលេង​ដ៏​គួ​រ​ឲ្យ​រំខាន​របស់​ក្មេង​ប្រុស​នោះ​ណាស់​ ក្រោយ​មក​ទៀត​ក្មេង​ប្រុស​នោះ​ក៏​ស្រែ​ក​ទៀត​ថា ៖ "​ប្រសិន​បើ​ប៉ា​របស់​ខ្ញុំ​ជា​ដំរី​ឈ្មោល​ ហើយ​ម៉ាក់​របស់​ខ្ញុំ​ជា​ដំរី​​ញី​ ខ្ញុំ​នឹង​ក្លាយ​ជា​កូន​ដំរី​"​។ ​ក្មេង​ប្រុស​នោះ​មិន​បាន​បញ្ឈប់​នូវ​សំដី​របស់​វា​ឡើយ​ហើយ​បន្ត​ស្រែក​ជា​មួយ​នឹង​ឧ​ទាហរណ៍​សត្វ​ពីរ​បី​ប្រភេទ​ទៀត​រហូត​ដល់​តៃ​កុង​ឡាន​ខឹង​យ៉ាង​ខ្លាំង​រួច​ស្រែក​ដាក់​ក្មេង​នោះ​ថា ៖ "​ប្រសិន​បើ​ឪ​របស់​ឯង​ជា​អ្នក​ប្រមឹក​ ហើយ​ម្ដាយ​របស់​ឯង​ជា​ស្រ្តី​លក់​ខ្លួន​?​"​ ក្មេង​ប្រុស ៖ "​ខ្ញុំ​នឹង​ក្លាយ​ជា​តៃ​កុង​ឡាន​​!​" ៕

អើ! ឲ្យ​វា​ទៅ​កូន​!

July 13, 2006

នៅ​ក្នុង​ភូមិ​មួយនៃខេត្ត​កំពង់​ឆ្នាំង​មាន​ស្រ្តី​ម៉េម៉ាយ​ម្នាក់​ឈ្មោះ​ មីង​សយ ហើយ​គាត់​មាន​កូន​ស្រី​​ម្នាក់​ឈ្មោះ​ នាង​ស្រអែម​ដែល​ជា​នារី​ម្នាក់​ស្អាត​ដាច់​គេ​ព្រម​ទាំង​មាន​បុរស​ជា​ច្រើន​ចោម​រោម​ស្រលាញ់​នាង​។ ផ្លយ គឺ​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ជា​ច្រើន​ដែល​លួច​ស្រលាញ់​នាង​ហើយ​គាត់​មាន​ផ្ទះ​ជាប់​របង​គ្នា​ជាមួយ​នឹង​នាង​ស្រអែម​នោះ​។ ​ដោយ​ទ្រាំ​ពុំ​បាន​នឹង​សម្រស់​របស់​នាង​ស្រអែម​ជា​ពិសេស​គឺ​ថ្ពាល់​ទាំង​សង​ខាង​របស់​នាង​ បុរស​ផ្លយ​ក៏​រក​កល​ល្បិច​ដើម្បី​លួច​ថើប​ថ្ពាល់​របស់​នាង​។ ​នា​រសៀល​ថ្ងៃ​មួយ​ដោយ​ឃើញ​ មីង​សយ​ ឈរ​​ជំរះ​ស្មៅ​នៅ​មុខ​ផ្ទះ​ បុរស​ផ្លយ​ក៏​ដើរ​ចូល​ទៅ​រក​ហើយ​សួរ​គាត់​ថា ៖ "​មីង​សយ តើ​មីង​មាន​ទឹក​ត្រី​ទេ​?​ ខ្ញុំ​ចង់​បាន​វា​បន្តិច​យក​ទៅ​ឆា​ផ្កា​ខាត់​ណា​សាច់​គោ​ព្រោះ​ផ្ទះ​របស់​ខ្ញុំ​អស់​កាល​ពី​ម្សិល​មិញ​ហើយ​ពុំ​ទាន់​បាន​ទៅ​ផ្សារ​ទិញ​នៅ​ឡើយ​ទេ​"​ ពេល​នោះ​​មីង​សយ ឆ្លើយ​ថា ៖ "​មាន​អី​ផ្លយ​ ចូល​ទៅ​ផ្ទះ​បាយ​ខាង​ក្រោយ​ឲ្យ​ស្រអែម​យក​ឲ្យ​​ទៅ​​" ដោយ​ឮ​ដូច​នោះ​ផ្លយ​ក៏​ដើរ​ចូល​ទៅ​ផ្ទះ​បាយ​ហើយ​ប្រាប់​ទៅ​នាង​ស្រអែម​ថា ៖ "​ស្រអែម​ ខ្ញុំ​បាន​សុំ​មីង​សយ​រួច​ហើយ​គឺ​គាត់​ឲ្យ​ខ្ញុំ​ថើប​ស្រអែម​ឯង​"​ ដោយ​ឮ​ដូច​នោះ​នាង​ស្រអែម​ក៏​ស្រែក​សួរ​ទៅ​មីង​សយ​វិញ​ភ្លាម ៖

ស្រអែម ៖ "​ម៉ែ​! ម៉ែ​ឯង​ឲ្យ​គេ​មែន​ឬ​?​"​
មីង​សយ ៖ "​អើ​ឲ្យ​វា​ទៅ​កូន​!​"
ស្រអែមសួរបញ្ជាក់ ៖ "​ម៉ែ​ឯង​ឲ្យ​គេ​មែន​ឬ!​?​"
មីងសយ ៖ "​អើ​! ថា​ឲ្យ​វា​ទៅ​កូន​!​"​


ពុទ្ធោ​!​ ចោរ​ប្លន់​សោះ​!

July 12, 2006

ថ្ងៃ​មួយ​មាន​នារី​ពីរ​នាក់​ជិះ​ម៉ូ​តូ​ Viva ​ស៊េរី ២០០៦ ពណ៌​ក្រហម​យ៉ាង​សង្ហា​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន​សំ​ដៅ​ទៅ​ផ្ទះ​។ គាប់​ជួន​ក៏​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​។ នារី​ទាំង​ពីរ​បាន​ក្រឡេក​ឃើញ​បុរស​ពីរ​នាក់​នោះ​តាម​ពី​ក្រោយ​បែប​នេះ​ក៏​គិត​ថា​ប្រហែ​ល​ជា​គេ​តាម​ញ៉ែ​នាង​ហើយ​មើល​ទៅ​ក៏​រិត​តែ​បន្ថយ​ល្បឿន​ដើម្បី​ឲ្យ​គេ​តាម​ទាន់​ខ្លួន​។ ​មួយ​សន្ទុះ​ក្រោយ​មក​តាម​ផ្លូវ​ក៏​ស្ងាត់​មនុស្ស​បុរស​ទាំង​ពីរ​ក៏​បន្ថែម​ល្បឿន​ឲ្យ​ទាន់​នាង​ហើយ​ទាញ​កាំភ្លើង​សំឡុត​ប្លន់​យក​ម៉ូតូ​តែ​ម្ដង​។​ បន្ទាប់​ពី​ចោរ​ប្លន់​រួច​នារី​ដែល​ជា​អ្នក​បើក​ម៉ូតូ​ក៏​ភ្លាត់​មាត់​និយាយ​ថា​ ៖ "​ពុទ្ធោ​! ចោរ​ប្លន់​សោះ​!​ ឯង​ស្មាន​តែ​គេ​តាម​ញ៉ែ​ឯង​ ឯង​ខំ​តែ​ញញឹម​ដាក់​"

កុំ​ទាន់​អរ​

July 11, 2006

មានសត្រូវ​បី​នាក់​ ម្នាក់​ជនជាតិ​ខ្មែរ​ ម្នាក់​ជន​ជាតិ​ចិន​ និង​ម្នាក់​ទៀត​ជន​ជាតិ​បារាំង​បាន​ណាត់​គ្នា​ទៅ​ប្រកួត​ក្បាច់​គុណ​នៅ​ក្នុង​ព្រៃ​ជ្រៅ​។​ពួក​គេ​ទាំង​បី​បាន​ចូល​ដល់​ទឹក​ដី​ពួក​ព្នង​ស៊ី​សាច់​មនុស្ស​ដោយ​ចៃ​ដន្យ​ហើយ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ពិន័យ​។​មេ​កន្ទ្រាញ​បាន​បញ្ជា​ឲ្យ​ជន​ទាំង​បី​ចំតឹត​គូថ​ពិន័យ​ក្នុង​ម្នាក់​២០០​ដំបង​ តែ​អនុញ្ញាតិ​ឲ្យ​យក​អ្វី​មួយ​មក​ទ្រាប់​គូថ​បាន​។​ជន​ជាតិ​ចិន ៖ "​ខ្ញុំ​សុំ​យក​កាបូប​ខ្ញុំ​ទ្រាប់​គូថ​!"​ ក្របូប​បុរស​ជន​ជាតិ​ចិន​ក្រាស់​មែន​តែ​អាច​ទប់​ទល់​ត្រឹម​តែ​១៥០​ដំ​បង​ក៏​រហែក​ខ្ទេច​ខ្ទី​ធ្វើ​ឲ្យ​បុរស​ជន​ជាតិ​ចិន​រង​៥០​ដំបង​យ៉ាង​វេទនា​។​វេន​​ជន​ជាតិ​បារាំង​ ៖ "​ខ្ញុំ​សុំ​យក​បន្ទះ​ឈើ​ក្រាស់​មួយ​មក​ទ្រាប់​គូង​"​។​បន្ទះ​ឈើ​ទប់​ទល់​២០០​ដំបង​បាន​យ៉ាង​ងាយ​ស្រួល​។​ជន​ជាតិ​បារាំង​ញញឹម​ញាក់​ចិញ្ចើម​អួត​ដាក់​ជន​ជាតិ​ចិន​និង​ជន​ជាតិ​ខ្មែរ​។​វេន​ជន​ជាតិ​ខ្មែរ ៖ "​ខ្ញុំ​សុំ​យក​ជន​ជាតិ​បារាំង​មក​ទ្រាប់​ពី​លើ….."​

ដកស្រង់ពី ៖ មហាសំណើច 

វះ​កាត់​

នៅ​ក្នុង​បន្ទប់​វះកាត់​លោក​គ្រូ​ពេទ្យ​ទាំង​ឡាយ​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ការ​វះកាត់​ រី​ឯ​អ្នក​ជំ​ងឺ​វិញ​កំពុង​តែ​ភ័យ​ហូរ​ញើស​និង​ត្រជាក់​ដៃ​ត្រជាក់​ជើង​​។​គ្រូពេទ្យ​សួរ​ទៅ​កាន់​អ្នក​ជំ​ងឺ​ ៖ "​ហេតុ​អ្វី​ក៏​លោក​ភ័យ​សម្បើម​ម្ល៉េះ​?? អ្នក​ជំ​ងឺ​ឆ្លើយ ៖ "​តាំង​ពី​តូច​រហូត​ដល់​ធំ​ខ្ញុំ​មិន​ដែល​ឆ្លង​កាត់​ការ​វះកាត់​សោះ​នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ហើយ​…​" លោក​គ្រូពេទ្យ​តប ៖ "​លោក​កុំ​ភ័យ​អី​ណា​ព្រោះ​ពួក​យើង​ដូច​គ្នា​ទេ​នេះ​ក៏​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ធ្វើ​ការ​វះ​កាត់​ដែរ​…​"

ដកស្រង់ពី ៖ មហាសំណើច 

នាមអរូបី

ក្នុង​ថ្នាក់​រៀន​មួយ​ លោក​គ្រូ​កំពុង​ពន្យល់​ ៖

គ្រូ ៖ "​នាម​អរូបី​ គឺ​ជា​អ្វី​ៗ​ដែល​យើង​អាច​គិត​ដល់​តែ​មិន​អាច​ប៉ះ​ពាល់​ឬ​កាន់​បាន​"​ រួច​គាត់​សួរ​ទៅ​កាន់​ក្មេង​ប្រុស​ដែល​អង្គុយ​នៅ​តុ​មុខ​គេ​ ៖ តើ​ប្អូន​អាច​រក​ឧទាហរណ៍​មួយ​មក​មើល​" ?​ក្មេង​ប្រុស​នោះ​ឆ្លើយ​មក​វិញ​យ៉ាង​មុត​មាំ​ ៖ "​បាទ,​ឧទាហរណ៍ ឡាន​របស់​ប៉ា​ខ្ញុំ​ទើប​ទិញ​ថ្មី​"