ពីមុន​គេ​ហៅថា​តោ

March 30, 2007

គ្រួសារ​ពូសន​មាន​ឆ្កែ​ឆ្នើម​មួយក្បាល​ដែល​ចូលចិត្ត​បបួល​ឆ្កែ​ដទៃ​ទៀត​វ៉ៃ​គ្នា​គ្រប់​ទីកន្លែង ហើយ​វា​ឈ្នះ​គេ​រាល់លើក មិន​ថា​នៅ​ក្នុង​ប្រទេស​រឺ​នៅ​ក្រៅ​ប្រទេស​ទេ ។ ថ្ងៃមួយ​ពូសន​ដឹក​ឆ្កែ​ឆ្នើម​នេះ​ដើរ​នៅ​លើ​ផ្លូវ ហើយ​បាន​ឃើញ​ពូសែម​ដឹក​ឆ្កែ​មួយក្បាល​យ៉ាង​ធំ​របស់​គាត់​ដើរលេង​ដែរ ពូសន​គិតថា "​ឆ្កែ​វា​ធំ​ណាស់ បើសិន​ឆ្កែ ឆ្នើម​របស់​យើង​អាច​យក​ឈ្នះ​ឆ្កែ​របស់​វា​នោះ​ប្រាកដ​ជា​រឿង​ដ៏​អស្ចារ្យ​ហើយ បន្ទាប់​មក​គាត់​ក៏​ចូល​ទៅ​និយាយ​ជាមួយ​ពូសែម​ថា : "​តើ​លោក​ព្រម​ឱ្យ​ឆ្កែ​របស់​លោក​ប្រកួត​គ្នា​ជាមួយ​ឆ្កែ​របស់​ខ្ញុំ​ទេ​?

ពូសែម : រឿង​នេះ​ៗ​…………​មិន​ល្អ​ទេ​ដឹង​"

ពូសន : គ្មាន​បញ្ហា​ទេ ប្រសិន​បើ​វា​ធ្វើ​ឱ្យ​ឆ្កែ​លោក​ត្រូវ​របួស ខ្ញុំ​នឹង​ចេញ​ថ្លៃ​ព្យាបាល​ឱ្យ ។

ពូសែម : ខ្ញុំ​ថា​នៅ​តែ​មិន​ល្អ ។

នៅ​ពេល​ដែល​ពួកគេ​ទាំង​ពីរនាក់​កំពុង​តែ​ពិភាក្សា​គ្នា សត្វ​ទាំង​ពីរក្បាល​នេះ​ក៏​ខាំ​គ្នា ទីបំផុត ឆ្កែ​ឆ្នើម​របស់​ពូសន​ចាញ់​យ៉ាង​ដំណំ ។

ទឹកមុខ​របស់​ពូសន​ពោរពេញ​ដោយ​កំហឹង គាត់​បាន​សួរ​ពូសែម​ថា "​ឆ្កែ​ឯង​គឺជា​ពូជ​ឆ្កែ​អី​?​"

ពូសែម : អាមួយ​នេះ នៅ​ពេល​គេ​មិន​ទាន់​កោរ​រោម​របស់​វា គេ​គ្រប់គ្នា​ហៅ​វា​ថា​សត្វតោ ។

ដកស្រង់ពី ៖ មហាសំណើច 

បង្គន់ និង WC

March 29, 2007

នារី​អង់គ្លេស​ម្នាក់​ដែល​ជា​អ្នក​គូរប្លង់​បាន​មក​ដើរកំសាន្ត​នៅ​ប្រទេសស្វីស ។ នាង​ស្រលាញ់​ព្រះវិហារ​នៅ​ទីនេះ​ណាស់ ដូច្នេះ​នាង​ក៏​ថតរូប​ប្លង់​ព្រះវិហារ​នេះ​មួយសន្លឹក​ទុក ។ ប៉ុន្តែ​នៅ​ពេល​ត្រឡប់​ទៅ​ប្រទេស​របស់​នាង​វិញ​នាង​សង្កេត​ឃើញ​ថា​ក្នុង​ប្លង់​វិហារ​នេះ​មិន​ឃើញ​មាន​ប្លង់​បង្គន់​សោះ ដូច្នេះ​នាង​ក៏​សរសេរ​សំបុត្រ​ទៅ​សួរ​វិស្វករ​នៅ​ប្រទេសស្វីស​ដែល​គូរប្លង់​នេះ​ថា "​បង្គន់​នៅ​ឯណា​?​" ។ នៅ​ក្នុង​សំបុត្រ​សរសេរ​ជា​ភាសា​អង់គ្លេស ដោយ​ប្រើ​ពាក្យកាត់​របស់​បង្គន់​ថា WC ។ វិស្វករ​អាន​សំបុត្រ​ហើយ មិន​យល់​ពាក្យ​ថា WC ជាអ្វី​? គេ​ក៏​ទៅ​សួរ​អាចារ្យ​នៅ​ក្នុង​វិហារ​នោះ អាចារ្យ​នោះ​ប្រាប់ថា​វា​ជា វិហារ​មួយ​នៅ​ក្បែរ​ៗ​នេះ ។ បន្ទាប់​មក​វិស្វករ​ក៏​តប​សំបុត្រ​ទៅ​ិវញ​ថា : WC ស្ថិត​នៅ​ក្នុង​ព្រៃព្រឹក្សា​ដ៏​ស្អាត រាល់​ថ្ងៃច័ន្ទ​និង​ថ្ងៃអង្គារ​និង​ថ្ងៃបុណ្យ អាច​ផ្ទុក​មនុស្ស​បាន​៣០០នាក់ មាន​មនុស្ស​ជា​ច្រើន​ទទួលទាន​បាយ​ថ្ងៃត្រង់​នៅ​ទីនេះ​ហើយ​មាន​សំលេង​តន្ត្រី​ប្រគុំ​ទៀត​ផង ។ សប្ដាហ៍​មុន ខ្ញុំ​និង​លោកប្រធាន​របស់​ខ្ញុំ​មក​អង្គុយ​ក្នុង​ទីនេះ​ជាមួយ​គ្នា ពេល​នេះ ពួកយើង​កំពុង​តែ​ជួសជុល​កន្លែង​នេះ​ឱ្យ​អង្គុយ​បាន​ច្រើន​គ្នា ។ សង្ឃឹម​ថា​អ្នកនាង នឹង​អញ្ជើញ​មក​ទីនេះ​បាន​ម្ដង ខ្ញុំ​នឹង​ទុក​កន្លែង​ក្បែរ​លោកអាចារ្យ​ឱ្យ​អ្នកនាង​… 

ដកស្រង់ពី ៖ មហាសំណើច 

មិន​អាច​ឱ្យ​គេ​ស្ថាប់​ឮ​ទេ

March 28, 2007

នាយសុខ​និង​ប្រពន្ធ​រស់នៅ​បែកគ្នា ប៉ុន្តែ​ពួកគេ​ទាំងពីរ​តែងតែ​ប្រើ​សំបុត្រ​ដើម្បី​ទំនាក់ទំនង​គ្នា ។ តែ​គួរ​ឱ្យ​ស្ដាយ​ណាស់ នាយសុខ​មិន​ចេះ​អក្សរ​ទេ រាល់លើក​ពេល​ដែល​ប្រពន្ធ​របស់​គេ​ផ្ញើរ​សំបុត្រ​មក គេ​តែងតែ​រក​មិត្ត​របស់​គេ​អាន​ឱ្យ​ស្ដាប់ ។ ថ្ងៃមួយ នាយសុខ​ទទួល​បាន​សំបុត្រ​ពី​ប្រពន្ធ គេ​ក៏​ប្រញាប់ប្រញាល់​រត់​ទៅ​ផ្ទះ​មិត្តភក្តិ​របស់​គេ ។ មិត្តភក្តិ​របស់​នាយសុខ​អាន​សំបុត្រ​នោះ​ឱ្យ​គេ​ស្ដាប់ ចំនែក​គេ​បែរជា​នៅ​ពីក្រោយ​មិត្ត​របស់​គេ ហើយ​យក​ដៃ​ទាំងពីរ​ទប់​ត្រចៀក​មិត្ត​គេ ។ អ្នកជិតខាង​ឃើញ​ដូច្នេះ​ក៏​សួរ​ដោយ​ឆ្ងល់​ចិត្ត​ថា : "​សុខ​! សុខ​! ឯង​យក​ដៃ​ទប់​ត្រចៀក​គេ​ធ្វើ​ស្អី​?​"

នាយសុខ​តប : គឺ​អញ្ចេះ​ទេ ខ្ញុំ​មិន​ចេះ​អក្សរ ដូច្នេះ​ក៏​ឱ្យ​មិត្តភក្តិ​ជួយ​អាន​សំបុត្រ​របស់​ប្រពន្ធ​ខ្ញុំ​ផ្ញើរ​មក​ឱ្យ​ខ្ញុំ​ស្ដាប់ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឱ្យ​វា​ស្ដាប់​ឮ​សំដី​របស់​ប្រពន្ធ​ខ្ញុំ​និយាយ​ជាមួយ​ខ្ញុំ​ទេ​

ដកស្រង់ពី ៖ មហាសំណើច 

ឆ្អឹងដែក​ស្បែកស្ពាន់

March 27, 2007

មាន​សេដ្ឋី​ម្នាក់​បាន​រៀន​ចេះ​វិជ្ជា​ឆ្អឹងដែក​ស្បែកស្ពាន់ ហើយ​គាត់​ធ្លាប់​ត្រូវ​គេ​ធ្វើឃាត​ពីរ​បីដង​មក​ហើយ ដោយ​ប្រើ​កាំភ្លើង កាំបិត តែ​គាត់​នៅ​តែ​មិន​ស្លាប់ ។ ១០ឆ្នាំ​ក្រោយ​មក គាត់​មាន​ជំងឺ​ក្រលាន ត្រូវ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់ ។

ប្រពន្ធ : លោក​គ្រូពេទ្យ​ជួយ​ប្ដី​ខ្ញុំ​ផង ។

គ្រូពេទ្យ : បាន​! ប៉ុន្តែ​យើង​ត្រូវ​មាន​ក្រលាន​ប្ដូរ ។

ប្រពន្ធ : ខ្ញុំ​ព្រម​បរិច្ចាក​ក្រលាន​ខ្ញុំ​ឱ្យ​គាត់ ។

ដល់ពេល​វះកាត់​គ្រូពេទ្យ​ប្រើ​កាំបិត ១០ សម្រាប់​វះកាត់ ប៉ុន្តែ​នៅ​ពេល​ដែល​វះកាត់ គឺ​មិន​មុត​សោះ ថែម​ទាំង​បាក់​កាំបិត​គ្រូពេទ្យ​ទៀត​ផង ពេទ្យ​ក៏​សួរ​គាត់​ថា :

ពេទ្យ : អ្នកស្រី ខ្ញុំ​ឆ្ងល់​ថា​ស្បែក​ប្ដី​អ្នកស្រី​ស្វិត​ម្ល៉េះ​?

ប្រពន្ធ : អូ​…​! ខ្ញុំ​ភ្លេច​ប្រាប់​លោក​ថា​ប្ដី​របស់​ខ្ញុំ​ជា​មនុស្ស​ឆ្អឹងដែក​ស្បែកស្ពាន់

ពេទ្យ : អញ្ចឹង​សូម​អ្នកស្រី​រៀបចំ​បុណ្យសព​ឱ្យ​ប្ដី​អ្នកស្រី​តែ​ម្ដង​ទៅ​… 

ដកស្រង់ពី ៖ មហាសំណើច 

គិត​លុយ​ខុស

March 26, 2007

ក្បែរ​របង​សាលារៀន សុខ​និង​សៅ​កំពុង​តែ​ជជែក​គ្នា :

សុខ : ឯង​ដឹង​ទេ ម្សិលមិញ អញ​!​ហេង​អស្ចារ្យ ព្រោះ​តែ​អ្នក​ដាក់​ទូរស័ព្ទ​គិត​លុយ​ខុស​… 

សៅ : ម៉េច​បាន​ជា​គេ​គិត​លុយ​ខុស​?

សុខ : ថ្ងៃមុន​ពេល​អញ​ចេញ​ពី​សាលា ប៉ា​អញ​អត់​មក​ទទួល អញ​បាន​តេ​ទូរស័ព្ទ​សាធារណៈ​ទៅ​ផ្ទះ​ឱ្យ​ម៉ាក់​អញ​មក​ទទួល ។ តេ​អស់​ប្រាំនាទី​គេ​គិត​លុយ​មួយនាទី​៣០០រៀល ដល់​ម្សិលមិញ អញ​តេ​ទៅ​លេង​ពូ​អញ​នៅ​កំពង់ចាម​អស់​ប្រាំនាទី​គេ​គិត​លុយ​មួយនាទី​៣០០រៀល​ដែរ ឯង​គិត​មើល​ពី​សាលា​យើង​រៀន​ទៅ​កំពង់ចាម​វា​ឆ្ងាយ​ជាង​ពី​សាលា​ទៅ​ផ្ទះ​អញ ដូច្នេះ​គេ​ត្រូវ​គិត​លុយ​ថ្លៃ​ជាង​ទើប​ត្រូវ​!​…

សៅ : អើមែន​! គិត​ខុស​មែន​!​…

ដកស្រង់ពី ៖ មហាសំណើច 

កុំ​ខ្សឹប​មុខ​ភ្ញៀវ

March 23, 2007

លោកគ្រូ​របស់​សុខ​កំពុង​តែ​ជជែក​គ្នា​ជាមួយ​និង​ភ្ញៀវ ជួនពេល​ជាមួយ​គ្នា​នោះ​សុខ​គិត​ទៅ​ខ្សឹប​ប្រាប់​លោកគ្រូ​វា តែ​ស្ទាក់ស្ទើរ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទើប​ល្អ ។ ស្រាប់​តែ​ពេល​នោះ​លោកគ្រូ​វា​ឃើញ​ក៏​សួរ :

លោកគ្រូ : សុខ​! មាន​រឿង​អី​ចង់​និយាយ​ឆាប់​និយាយ​មក កុំ​ចង់​ខ្សឹប​នៅ​មុខ​ភ្ញៀវ​អញ្ចឹង ដូចជា​គ្មាន​សុជីវធម៌​ពេក​ហើយ ។រំពេច​នោះ​សុខ​ក៏​និយាយ​ខ្លាំង​ៗ​ថា : លោកគ្រូ​! ភ្លេច​រូតខោ​ហើយ ។

ដកស្រង់ពី ៖ មហាសំណើច 

ស្មានថា​នរណា

– អូនអើយ, បិទទ្វារ​ចាក់សោ​ទៅ បង​ទៅធ្វើការ​ពេលយប់​ស្អែកព្រលឹមឡើង​បាន​ត្រឡប់មកវិញ ។ – មួយស្របក់ក្រោយមក​ស្រាប់តែ​ឭសម្លេង​គោះទ្វារ ប្រពន្ធ​ខំ​ស្ទុះ​ទៅ​បើកទ្វារ​ទាំង​ក្ដីត្រេកអរ ។ បើកទ្វារឡើង​ឃើញមុខប្ដី​នាង​អស់សង្ឃឹម​យ៉ាងខ្លាំង ….. " ហ៊ឺ! ស្មានតែ​គេមក!"

មហាសេដ្ឋី

March 22, 2007

មាន​មហាសេដ្ឋី​ម្នាក់​បាន​ទិញ​ដី​មួយឡូ​ដ៏​ធំ​សម្រាប់​ជា​ទីតាំង​ផ្នូរ​របស់​គាត់​ទៅ​ថ្ងៃ​មុខ ។ គាត់​បាន​បញ្ជា​ឱ្យ​ហោរាសាស្រ្ត​ម្នាក់​រៀបចំ​ទីតាំង​ផ្នូរ​និង​ក្ដារមឈូស​សម្រាប់​គាត់ ឱ្យ​ស្អាត​ជា​ទីបំផុត ហើយ​តាម​ក្បួន​ហុងស៊ុយ​ដើម្បី​ឱ្យ​កើត​ជាតិ​ណា​ៗ​ជួប​ប្រទះ​តែ​ភ័ព្វសំណាង ។ ពីរខែ​ក្រោយ មហាសេដ្ឋី​ហៅ​លោក​ហោរាសាស្រ្ត​មក​សួរ : "​អ្វី​ដែល​យើង​ឱ្យ​រៀបចំ តើ​រួចរាល់​ហើយ​អស់​ឬ​នៅ​?​?​" "​បាទ​លោកម្ចាស់ គឺ​នៅ​ខ្វះ​តែ​មួយ​ទេ​…​" លោក​ហោរាសាស្រ្ត​តប ។ "​តើ​នៅ​ខ្វះ​អ្វី​ទៀត​?​?​?​" មហាសេដ្ឋី​សួរ​ដោយ​សំដី​កំហក ។ លោក​ហោរាសាស្រ្ត : "​គឺ​នៅ​ខ្វះ​តែ​លោក​មហាសេដ្ឋី​មួយ​គត់ ។​"

ដកស្រង់ពី ៖ មហាសំណើច 

សត្វអូដ្ឋ

March 21, 2007

លោក​អ៊ីសាក​ត្រូវ​បាន​ថ្នាក់​លើ​បញ្ជា​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​រយៈពេល​៦ខែ នៅ​ឯ​ជំរំ​មួយ​ដែល​នៅ​ដាច់​ស្រយាល ។ ថ្ងៃ​មួយ​លោក​សួរ​ទៅ​កូនចៅ​គាត់ : "​ពួកយើង​ជា​ទាហាន​មក​បោះ​ជំរំ​កណ្ដាល​សមុទ្រ​ខ្សាច់​រាប់ខែ រាប់ឆ្នាំ​យប់ឡើង​ពេល​នឹក​ប្រពន្ធ​តើ​ពួកឯង​ធ្វើ​យ៉ាងម៉េច​ទៅ​?​" កូនទាហាន​ឮ​ហើយ​ក៏​លើក​ដៃ​ចង្អុល​ទៅកាន់ សត្វអូដ្ឋ​ដែល​ចង​នៅ​ក្រៅ​ជំរំ ដោយ​មិន​និយាយ​អ្វី​ទាំងអស់ ។ ជា​ច្រើន​ខែ​កន្លង​ផុត​ទៅ យប់មួយ​លោកអ៊ីសាក​គេង​មិន​លក់​ទាល់​តែ​សោះ​គាត់​ក៏​នឹក​ឃើញ​សត្វអូដ្ឋ គាត់​ក៏​សម្រេច​ចិត្ត​សាកល្បង​ជាមួយ​សត្វអូដ្ឋ​ដូច​ដែល​កូនទាហាន​ធ្លាប់​ប្រាប់ ។ ព្រឹកឡើង​ពេល​ឃើញ​កូនទាហាន គាត់​ក៏​និយាយ : "​យប់មិញ​យើង​បាន​សាក​ជាមួយ​សត្វអូដ្ឋ​ហើយ អារម្មណ៍​ប្លែក​សប្បាយ​ម្យ៉ាង​ដែរ ។​" ឮ​ភ្លាម​កូនទាហាន​ក៏​បើក​ភ្នែក​ធំ​ៗ សួរ​ទៅ​លោកអ៊ីសាក : "​ពុទ្ធោ​! យប់មិញ​លោក​ពិតជា​អី​ៗ​ជាមួយ​សត្វអូដ្ឋ​មែន​ឬ​?​" លោកអ៊ីសាក​តប : "​ចុះ​ក្រែង​ថ្ងៃមុន​ឯង​ប្រាប់​យើង​ថា​ពេល​នឹក​ប្រពន្ធ​ឱ្យ​ទៅ​រក​សត្វអូដ្ឋ មិន​អញ្ចឹង​ហ្អេ​?​?​?​" "​លោក​យល់​ច្រឡំ​ហើយ​តាម​ពិត​ខ្ញុំ​ថា​ទៅ​រក​សត្វអូដ្ឋ គឺ​ដើម្បី​ជិះ​វា​ទៅ​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​ជា ៥ គីឡូ​ដី​ពី​ទីនេះ ទៅ​ដល់​ទីនោះ​នឹង​មាន​ស្រីស្អាត​ៗ​រង់ចាំ​ស្វាគមន៍​ណា​…​" កូនទាហាន​តប ។

ដកស្រង់ពី ៖ មហាសំណើច 

ផ្ទះ​ខ្មោច

March 20, 2007

ក្រុម​និសិត្ស​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនៈ​នៅ​តំបន់​ទេសចរណ៍​មួយ ។ នៅ​ទី​នោះ​មាន​ផ្ទះ​មួយ​ខ្នង​ដែល​គេ​ល្បី​ថា ជា​ផ្ទះ​ខ្មោច ដោយ​សារ​តែ​ធ្លាប់​មាន​មនុស្ស​ស្រី​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹក​នៅ​ក្នុង​ផ្ទះ​នោះ ។ ក្រុម​និសិត្ស​ដែល​មាន​ស្មារតី​រឹងមាំ​បាន​ឯកភាព​គ្នា​ចូល​ទៅ​ទស្សនៈ​ផ្ទះ​នោះ​ម្ដង ។ ពេល​ចូល​ដល់​ផ្ទះ​ខ្មោច វិបុល​ក៏​ចូល​ទៅ​បត់ជើង​នៅ​ក្នុង​បន្ទប់​ទឹក​តែ​ម្នាក់​ឯង ។ បត់ជើង​រួច វិបុល​បើក​ទឹក​ដើម្បី​លាង​ដៃ តែ​ទឹក​មិន​ចេញ ។ ពេល​វិបុល​ដើរ​ចេញ​ស្រាប់​តែ​មាន​ទឹក​ហូរ ពេល​វិបុល​ដើរ​ចូល​ទៅ ទឹក​ក៏​លេង​ហូរ​សកម្មភាព​នេះ​បន្ត ពីរ​បីដង ធ្វើ​ឱ្យ​វិបុល​ចាប់​ផ្ដើម​ភ័យ​ឡើង​ព្រឺសាច់ ។ គេ​ប្រញាប់​ហៅ​មិត្តភ័ក្តិ​ទាំង​ឡាយ​ឱ្យ​មក​មើល ។ ពេល​វិបុល​ដើរ​ចេញ​ទឹក​ក៏​ហូរ តែ​ពេល​ដើរ​ទៅ​ជិត​ទឹក​ក៏​ឈប់​ហូរ​ពិត​មែន ពេល​នេះ​មិន​ត្រឹម​តែ​វិបុល​ទេ និសិ្សត​ទាំង​ឡាយ​សុទ្ធ​តែ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា ។ ភ្លាម​នោះ​ស្រាប់​តែ​ឮ​សម្លេង​និសិ្សត​ម្នាក់​ទៀត​សើច​យ៉ាង​ខ្លាំង : "​ពិត​ជា​ឆោត​មែន ទឹក​លេង​ហូរ​គឺ​មក​ពី​ជើង​ឯង​ជាន់​ត្រូវ​ទុយោ​!​!​!​!​"

ដកស្រង់ពី ៖ មហាសំណើច 

រៀន​បាញ់​កាំភ្លើង

March 19, 2007

នៅ​បន្ទាយ​ទាហាន មេទាហាន​កំពុង​តែបង្ហាត់​កូនទាហាន​បាញ់​កាំភ្លើង ។ កូនទាហាន​ឈរ​ជា​ជួរ​រួច​បាញ់​កាំភ្លើង​តំរង់​ទៅ​ដបស្រា​ដែល​ដាក់​នៅ​ពី​ចម្ងាយ ម្នាក់​ម្ដង​ៗ តែ​ពុំ​មាន​កូនទាហាន​មួយ​ណា​បាញ់​ត្រូវ​ទាល់​តែ​សោះ ។ មេទាហាន​ខឹង​យ៉ាង​ខ្លាំង ទាញ​កាំភ្លើង​មក​ហើយ​ប្រាប់​ទៅ​កូនទាហាន : "​សុទ្ធ​តែ​ពួក​អាអត់​បាន​ការ​!​! ចាំ​មើល យើង​បាញ់​!​!​" មេទាហាន​លើក​កាំភ្លើង​យ៉ាង​សង្ហា តែ​បាញ់​មួយ​គ្រាប់ "​ខុស​" ពីរ​គ្រាប់ "​ខុស​" បី​គ្រាប់ "​នៅ​តែ ខុស​ដដែល​។ ភ្លាម​នោះ​មេទាហាន​ក៏​ដាក់​កាំភ្លើង​ចុះ​រួច​ថា : "​ឃើញ​ទេ​!​! របៀប​ដែល​ពួក​ឯង​បាញ់​កាំភ្លើង​គឺ​វា​អញ្ចឹង​!​!​"

ដកស្រង់ពី ៖ មហាសំណើច 

ផ្លាស់​អាជីព

March 18, 2007

ពូផល​ទើប​តែ​ផ្លាស់​អាជីព​មក​រត់​តាក់ស៊ី ។ យប់​មួយ​គាត់​បើក​ឡាន​ជូន​អ្នក​ដំណើរ​ម្នាក់​ទៅ​ផ្ទះ ទាំង​ពាក់កណ្ដាល​អធ្រាត្រ ។ អ្នក​ដំណើរ​អង្គុយ​នៅ​កៅអី​ខាងក្រោយ ឯ​ពូផល​កំពុង​តែ​បើក​ឡាន​យ៉ាង​ប្រុង​ប្រយ័ត្ន ។ អ្នក​ដំណើរ​យក​ដៃ​ទះ​ស្មា​ពូផល​ចង់​សួរ​ថា​មក​ដល់​ទីណា​ហើយ ស្រាប់​តែ​ពូផល​ភ្ញាក់​លួស​ព្រលឹង រេចង្កូត​ទៅ​បុក​ដើមឈើ​នៅ​ចិញ្ចើម​ថ្នល់ ។ អ្នក​ដំណើរ : "​ខ្ញុំ​គ្រាន់​តែ​ទះ​ស្មា​ពូ​បន្តិច​សោះ ម៉េច​ក៏​ភ្ញាក់​សាហាវ​ដល់​ថ្នាក់​ហ្នឹង​?​?​?​" ពូផល​ឆ្លើយ : "​ខ្ញុំ​ទើប​តែ​ដូរ​អាជីព​បើក​តាក់ស៊ី កាល​ពី​មុន​ខ្ញុំ​ធ្លាប់​តែ​បើក​ឡាន​ដឹក​សាកសព​!​!​!​"

ដកស្រង់ពី ៖ មហាសំណើច