ការងារ​សម្រាប់​ជនពិការ

February 28, 2008

មាន​ក្រុមហ៊ុន​ចិន​ថ្មី ទើប​តែ​បើក​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​បាន​សរសេរ​ចុះផ្សាយ​នៅ​លើ​ទំព័រ​កាសែត​ថា "​ក្រុមហ៊ុន​យើងខ្ញុំ​ទើប​តែ​បង្កើត​ថ្មី ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជា​ជន​ពិការ​សម្រាប់​ការងារ​ជា​តំណែង​ខ្ពស់ មាន​ប្រាក់ខែ​ខ្ពស់ ៥០០ ដុល្លារ ក្នុង​មួយ​ខែ និង​ប្រាក់​លើកទឹកចិត្ត​ទៅតាម​សេចក្ដីក្លាហាន​ព្យាយាម​

គ្រាន់តែ​ឮ​ដំណឹង​នេះ មាន​ជន​ដែល​ពិការ​ដៃ ពិការ​ជើង ភ្នែក​….​ជាច្រើន​យក​ប្រវត្តិរូប​មក​ដាក់​ព្រោងព្រាត ។ នៅ​ពេល​ចប់​ស្រាប់តែ​ឃើញ​ជាប់​ជន​ពិការ​ម្នាក់ ម្នាក់ៗ​បាន​ទៅ​មើល​មុខ​អ្នក​ជាប់​ដើម្បី​ចង់​ដឹង​ថា អ្នក​ពិការ​នោះ​គឺ​គេ​ពិការ​យ៉ាង​ម៉េច​​បាន​ជា​ជាប់ ក៏​ស្រាប់តែ​ឃើញ​អ្នក​ជាប់​នោះ​ជា​មនុស្ស​ធម្មតា​ដូច​គេឯង​គ្មាន​ពិការ​អ្វី​សោះ ធ្វើ​ឲ្យ​គេ​រាល់គ្នា​ខឹង និង​ឆ្ងល់​ជា​ខ្លាំង ។

ក្រុម​ជន​ពិការ មើល​លោក​ប្រធាន​ក្រុមហ៊ុន តើ​ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​ដូចម្ដេច បានជា​ជាប់​មនុស្ស​ធម្មតា​គ្មាន​ពិការ​អ្វី​សោះ ?

ប្រធាន​ក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុន​របស់​ខ្ញុំ​ជ្រើសរើស​បុគ្គលិក​នេះ ពុំ​មែន​ជ្រើសរើស​អ្នក​ដែល​ពិការ​រាងកាយ​ទេ គឺ​ខ្ញុំ​ត្រូវ​ជ្រើសរើស​បុគ្គលិក​ណា​ដែល​មាន​ឈ្មោះថា "​ពិការ​" សម្រាប់​ធ្វើ​ការងារ​ឲ្យ​ត្រូវ​តាម​ហុងស៊ុយ​របស់ខ្ញុំ !

ក្រុម​ជន​ពិការ ….. !

តម្លៃ​ វត្ថុបុរាណ

February 26, 2008

ក្រោយពី​មាន​ទីកន្លែង​ភ្នាល់បាល់​នៅ​ក្នុង​ស្រុកខ្មែរ​មក ធ្វើ​ឲ្យ​យុវជន​សិស្សសាលា មានការ​ជក់ចិត្ត​នឹង​ចាក់បាល់​យ៉ាង​ខ្លាំង ។

សុក គឺជា​សិស្ស​ម្នាក់​ដែល​ចូលចិត្ត​លេងបាល់ និង យក​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ទៅ​លក់​ជាប្រចាំ ។ ក្រោយមក​គេ​ក៏បាន​លួច​យក​ថូ​ផ្កា​បុរាណ​មួយ​ពី​ក្នុង​ផ្ទះ​ទៅ​លក់ ដើម្បី​យក​ប្រាក់​ចាក់បាល់ ។

សុក អត់ទោស ! លោក​ថៅកែ ទីកន្លែង​នេះ​គឺជា​កន្លែង​ទិញ-លក់​វត្ថុបុរាណ​មែនទេ ?

ថៅកែ មែន តើ​មានការ​អ្វី ?

សុក ខ្ញុំ​ចង់​លក់​ថូ​ផ្កា​នេះ​មួយ ដែល​ទិញ​នៅ​សម័យ​បុរាណ​ចិន តើ​តម្លៃ​ប៉ុន្មាន ?

ថៅកែ ៣៥ ដុល្លារ ។

សុក ដូចជា​ថោក​ពេក​ហើយ ថូ​ផ្កា​នេះ​ធំ​ហើយ​ស្អាត​នៅ​ថ្មី តើ​ម៉េច​ក៏​ថោក​ម្ល៉េះ ?

ថៅកែ ដោយ​សារ​តែ​ស្អាត និង​ថ្មី​ហើយ បានជា​ខ្ញុំ​ឲ្យ​ថោក​ពីព្រោះ​វា​ពុំ​ទាន់​ចូល​ជា​ស្តង់ដារ​ជា​វត្ថុបុរាណ ។

អ្នកជម្ងឺធ្មេញ

February 24, 2008

ពូ​ម្នាក់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យធ្មេញ​ពេល​ព្រឹក​មួយ ឯ​មន្ទីរពេទ្យ​ធ្មេញ​នៅ​ភ្នំពេញ ។ លោកគ្រូពេទ្យ បាន​សុំ​ឲ្យ​គាត់​ហា​មាត់​ដើម្បី​ត្រួតពិនិត្យ​ធ្មេញ​សិន​មុននឹង​ចាត់ចែង​ត្រូវ​ធ្វើអ្វី​បន្ត​ទៀត ។ គ្រាន់តែ​គាត់​ហា​មាត់​ភ្លាម​ឃើញ​មាន​កាកសំណល់​អាហារ​ពី​ល្ងាច​ជាប់​ធ្មេញ​ស្អេក តែ​មិន​ហ៊ាន​ថា​អី​ទេ​ខ្លាច​គាត់​អន់ចិត្ត ទើប​ដក​លុយ​ពី​ហោប៉ៅ​ខោ​មួយ​ដុល្លារ​ហុច​ឲ្យ ៖ "​ណេះ​លោកពូ ! យក​ទៅ​ទិញ​អំពៅសាង​ហូប​សិន​ទៅ សឹម​មក​ជួប​ខ្ញុំ​ម្ដងទៀត​ណា​ចា៎ះ​

ពូ​គាត់​បាន​មួយ​ដុល្លារ​ក៏​នឹក​ថា ៖ "​លោកគ្រូពេទ្យ​នេះ​ចិត្តល្អ​ណាស់ បាន​ឲ្យ​អញ​មួយ​ដុល្លារ​ទៅ​ហូប​អំពៅសាង​

មួយសន្ទុះ​គាត់​ត្រឡប់មកវិញ លោកគ្រូពេទ្យ​បាន​ហៅ​ឱ្យ​គាត់​ចូល​ជួប ហើយ​អោយ​អង្គុយ​ស្រួលបួល​ទើប​ឱ្យ​គាត់​ហា​មាត់​ពិនិត្យ​ធ្មេញ​ម្ដងទៀត ស្រាប់តែ​គ្រូពេទ្យ​ចាប់ផ្ដើម​លាន់មាត់ "​អ៊ូយ ! លើស​ដើម ! ខ្ញុំ​ឲ្យ​មួយ​ដុល្លារ​ទៅ​ទិញ​អំពៅសាង​ហូប ម៉េច​បាន​ជា​ទៅ​ទិញ​ត្រាវ​ហូប​វិញ​អញ្ចឹង​ពូ ?​" គាត់​តប​ថា "​ព្រឹក​អញ្ចឹង​ហូប​អំពៅ​សាង​ម៉េច​នឹង​បាត់​ឃ្លាន ពូ​ឃើញ​ត្រាវ​វា​ថោកជាង​ក៏​ទិញ​ហូប​ទៅ​

គ្រូពេទ្យ​នឹកក្នុងចិត្ត​ថា "​ឱ​អាត្មា​អញ​កម្មក្រាស់​ម៉្លេះ ! ឲ្យ​ទៅ​ស៊ី​អំពៅសាង​ទៅ ក្រែង​នឹង​បាន​សម្រាល​ទុក្ខ​ខ្លះ គាត់​ទៅ​ពួយ​ត្រាវ​រឹតតែ​ឲ្យ​ឯង​វេទនា​ថែមទៀត​

មនុស្ស​ឈ្លក់ វង្វេង​ នឹងសម្ភារៈ

February 18, 2008

មេធាវី​ទទួលជោគជ័យ​ក្នុង​មុខរបរ​ម្នាក់​បាន​ទិញ​រថយន្ត​ម៉ាក JaguarXK-8 មួយ​គ្រឿង​ថ្មីស្រឡាង ហើយ​បើក​មក​ចត​ខាងមុខ​ការិយាល័យ​ត្រៀម​បង្អួត​មិត្តភ័ក្ដិ។ ប៉ុន្តែ​បន្ទាប់​ពី​គាត់​ចូល​ក្នុង​ការិយាល័យ​មួយសន្ទុះ​ចេញ​មកវិញ ស្រាប់តែ​លេច​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង ជ្រុល​ចង្កូត​បុក​លាន់​ដូច​រន្ទះ បណ្ដាល​អោយ​រតនវត្ថុ​ថ្មីស្រឡាង​ដែល​គាត់​ទើប​ទិញ​នោះ​កំពិត​រាប​ដល់​ដី ។ ខឹង​ស្ទើរ​ឆ្កួត​គាត់​ហៅ​ទូរស័ព្ទ​ទៅ​លេខ ៩១១ របស់​ប៉ូលិស​ក្រុង ។ មិនដល់ ៥​នាទី​ផង ប៉ូលិស​ម្នាក់​មកដល់​កន្លែង​កើតហេតុ ។ ប៉ុន្តែ​មុន​ពេល​អាច​សួរ​អ្វី​បាន​ខ្លះ ប៉ូលិស​រូប​នោះ​ដឹង​តែ​ត្រូវ​ឈរ​ស្ដាប់ លោក​មេធាវី​និយាយ​ឡូឡា​ដូច​ឆ្កួត ។ មួយសន្ទុះ​គាត់ ហាក់​ដូច​ស្វាង​បន្តិច ទើប​ប៉ូលិស​មានឱកាស​បាន​និយាយ "​ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា​លោក​មេធាវី​ឈ្លក់​នឹង​សម្ភារៈ​ដល់​ម្ល៉ឹង ឈឺចាប់​នឹង​របស់​ត្រូវ​ខូច រហូតដល់​ភ្លេច​ប្រការ​ផ្សេងៗ​ទៀត​

លោក​មេធាវី​បើក​ភ្នែក​ក្រឡោត "​លោក​ចង់និយាយ​ថា​ម៉េច​ហ្នឹង ?​" ។ ប៉ូលិស សើច​ញឹមៗ "​លោក​មិន​ដឹង​ដៃ​ឆ្វេង​របស់​លោក​ពី​ត្រឹម​កួយ​ដៃ​ចុះ​ទៅ​ក្រោម​ដាច់​បាត់​ពេល រថយន្ត​បុកគ្នា​ទេ​ឬ​អី ?​" ។ លោក​មេធាវី​ភ្ញាក់ព្រើត​លើក​ដៃ​ឆ្វេង​មើល ៖ "​យី​ឯណា​នាឡិកា​រ៉ូឡិច​របស់ខ្ញុំ ?​" 

មិនបាច់​សោកស្ដាយ

February 14, 2008

ពូសុក និង ពូចូច ជា​អ្នក​រស់នៅ​ផ្ទះ​ជិតខាងគ្នា ។ ថ្ងៃមួយ ពូសុក បាន​និយាយ​ទៅកាន់​ពូចូច 


ពូសុក ៖ ហ៊ឺ ! ខ្ញុំ​សោកស្ដាយ​ណាស់​បង ដែល​មាន់​របស់ខ្ញុំ​បាន​កាយ​ដំណាំ​បង​ខ្ទេចខ្ទី​នោះ ខ្ញុំ​មកនេះ​គឺ​ចង់​សុំទោស​លោកបង !
ពូចូច ៖ មិនបាច់​សោកស្ដាយ​អី​ទេ​លោកប្អូន​អើយ ! ព្រោះថា​មាន់​ដែល​កាយ​ដំណាំ​ពី​ល្ងាចមិញ​នោះ​ត្រូវ​ឆ្កែ​ខ្ញុំ​ស៊ី​បាត់​ទៅ​ហើយ…..
ពូសុក ៖
អ្ហូ៎ ! បាន​ឮ​លោកបង​និយាយ​ដូច្នេះ​ខ្ញុំ​ធូរ​ទ្រូង​បន្តិច​ព្រោះថា​ព្រឹកមិញ​នេះ​ឆ្កែ​របស់ លោកបង​ទៅលេង​ផ្ទះ​ខ្ញុំ ហើយ​ពេល​ដែល​ខ្ញុំ​ចេញ​ឡាន​ពី​ផ្ទះ​បាន​ជ្រុល​ចង្កូត​កិន​ឆ្កែ​លោកបង ងាប់​បាត់​ទៅ​ហើយ​ !
ពូចូច ៖ អុញ !

រឿង​ឆ្មា​មាន​ទម្ងន់

February 11, 2008

នៅ​ក្នុង​ភូមិ​មួយ​មាន​យាយ​ចាស់​ម្នាក់ ចិញ្ចឹម​សត្វ​ឆ្មា​ពីរ​បី​ក្បាល​ទុក​គ្រាន់​ចាប់​កណ្ដុរ​នៅ​ពេល​យប់ ។ គាត់​ស្រឡាញ់​ឆ្មា​របស់​គាត់​ណាស់ ។ ថ្ងៃមួយ​ស្រាប់តែ​ឆ្មា​របស់​គាត់​ឈឺខ្លាំង ក៏​ទៅ​ហៅ​គ្រូពេទ្យ​មក​មើល​ឆ្មា​របស់​គាត់ ។ ក្រោយ​ពី​លោកគ្រូពេទ្យ​ពិនិត្យ​រួចមក លោកគ្រូពេទ្យ​បាន​និយាយ​ទៅកាន់​លោកយាយ​

គ្រូពេទ្យ សូម​ជួយ​អបអរសាទរ​លោកយាយ ! ឆ្មា​របស់​លោក​យាយ​មាន​ទម្ងន់​ហើយ !
លោកយាយ (​និយាយ​ទាំង​កំហឹង​) ៖ ចុះ​អាប្រុស​ឈ្មោល​ណា​ធ្វើ​អោយ​ឆ្មា​អញ​ផើម​បែប​នេះ ?
កំពុង​ជជែក​គ្នា ស្រាប់តែ​មាន​ឆ្មា​ឈ្មោល​មួយ​ក្បាល​បាន​រត់​កាត់មុខ​អ្នក​ទាំងពីរ ឃើញ​បែប​នេះ​លោកគ្រូពេទ្យ​ក៏​លាន់មាត់

គ្រូពេទ្យ ៖លោកយាយ ! តិច​លោ​អា​ឆ្មា​ឈ្មោល​មួយ​នោះ​ទេ​ដឹង ?
លោកយាយ
មិនមែនទេ​ក្មួយ ! អា​ឈ្មោល​មួយ​ហ្នឹង​វា​ជា​បងប្រុស​បង្កើត​របស់​វា​ទេតើ !
គ្រូពេទ្យ
ខុស​ហើយ​លោកយាយ ! សត្វ​វា​មិនដែល​គិត​បង​គិត​ប្អូន​វា​ទេ !
លោកយាយ
អីចឹង​មែន​អី​ក្មួយ !

មើល​មិនច្បាស់

February 1, 2008

ក្នុង​ថ្នាក់​រៀន​មួយ ខណៈ​ដែល​ការ​ប្រលង​ឆមាស​កំពុង​ដំណើរការ​ទៅ​សិស្ស​ទាំងឡាយ​នាំគ្នា​ធ្វើ​យ៉ាង​ស្ងៀមស្ងាត់ ។ តែ​ពេល​នោះ​លោកគ្រូ​ក៏​សង្កេតឃើញ​សិស្ស​ម្នាក់ លួចមើល​គេ​ជិតខាង​ជាញយៗ ទើប​និយាយ​ដាស់តឿន ៖

លោកគ្រូ នែ​ប្អូន ! ប្អូន​ឯង​លួចមើល​គេ​ច្រើនដង​ហើយ ប្រយ័ត្ន​គ្រូ​ដក​ពិន្ទុ​ណា៎ !
សិស្ស
បាទ​លោកគ្រូ ! ខ្ញុំ​សុំទោស ! ការពិត​ខ្ញុំ​ក៏​មិន​ចង់​មើល​គេ​ច្រើនដង​ដែរ តែ​ការដែល​ខ្ញុំ​ត្រូវ​លួចមើល​គេ​ច្រើនដង​នោះ​ក៏​ព្រោះ​គេ​នោះ​សរសេរ​អក្សរ​ខ្វៀក​ពេក ទើប​ខ្ញុំ​មើល​មិន​ច្បាស់​ណា៎ លោកគ្រូ​ 
លោកគ្រូ
អុញ!!!???