មនុស្សឈ្លក់ វង្វេង នឹងសម្ភារៈ
មេធាវីទទួលជោគជ័យក្នុងមុខរបរម្នាក់បានទិញរថយន្តម៉ាក JaguarXK-8 មួយគ្រឿងថ្មីស្រឡាង ហើយបើកមកចតខាងមុខការិយាល័យត្រៀមបង្អួតមិត្តភ័ក្ដិ។ ប៉ុន្តែបន្ទាប់ពីគាត់ចូលក្នុងការិយាល័យមួយសន្ទុះចេញមកវិញ ស្រាប់តែលេចរថយន្តដឹកទំនិញធុនធំមួយគ្រឿង ជ្រុលចង្កូតបុកលាន់ដូចរន្ទះ បណ្ដាលអោយរតនវត្ថុថ្មីស្រឡាងដែលគាត់ទើបទិញនោះកំពិតរាបដល់ដី ។ ខឹងស្ទើរឆ្កួតគាត់ហៅទូរស័ព្ទទៅលេខ ៩១១ របស់ប៉ូលិសក្រុង ។ មិនដល់ ៥នាទីផង ប៉ូលិសម្នាក់មកដល់កន្លែងកើតហេតុ ។ ប៉ុន្តែមុនពេលអាចសួរអ្វីបានខ្លះ ប៉ូលិសរូបនោះដឹងតែត្រូវឈរស្ដាប់ លោកមេធាវីនិយាយឡូឡាដូចឆ្កួត ។ មួយសន្ទុះគាត់ ហាក់ដូចស្វាងបន្តិច ទើបប៉ូលិសមានឱកាសបាននិយាយ "ខ្ញុំមិននឹកស្មានសោះថាលោកមេធាវីឈ្លក់នឹងសម្ភារៈដល់ម្ល៉ឹង ឈឺចាប់នឹងរបស់ត្រូវខូច រហូតដល់ភ្លេចប្រការផ្សេងៗទៀត" ។
លោកមេធាវីបើកភ្នែកក្រឡោត "លោកចង់និយាយថាម៉េចហ្នឹង ?" ។ ប៉ូលិស សើចញឹមៗ "លោកមិនដឹងដៃឆ្វេងរបស់លោកពីត្រឹមកួយដៃចុះទៅក្រោមដាច់បាត់ពេល រថយន្តបុកគ្នាទេឬអី ?" ។ លោកមេធាវីភ្ញាក់ព្រើតលើកដៃឆ្វេងមើល ៖ "យីឯណានាឡិការ៉ូឡិចរបស់ខ្ញុំ ?" ។