ជម្រាបសួរ!
ខ្ញុំឈ្មោះ ចន្ត្រា (Chantra) គោល​បំណង​នៃ​ការបង្កើត​កំណត់ហេតុ​បណ្ដាញ​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​ភាសាខ្មែរ ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ព្រោះថា​បើ​យើង​ចង់​បង្កើត​កំណត់ហេតុ​បណ្ដាញ​ជា​ភាសាខ្មែរ​បាន លុះត្រា​តែ​យើង​ប្រើ​ប្រាស់​យូនីកូដខ្មែរទើប​អាច​បង្កើតបាន។

ខ្ញុំ​បាន​បញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​ព័ត៌មាន​វិទ្យា នៅ​សកលវិទ្យាល័យ​ន័រតុន​តាំង​ពីឆ្នាំ ២០០២​មកម្លេះ។ ខ្ញុំ​ជាអ្នក​មកពី​ខេត្ត​បន្ទាយមានជ័យទេ មិនមែន​ជា​អ្នក​ទីក្រុងឡើយ ហើយ​សព្វថ្ងៃនេះ​នៅ​និយាយភាសាអ្នក​ភ្នំពេញ​មិន​ទាន់​ត្រូវ​ផង។ ខ្ញុំ​ទើប​តែ​ស្គាល់​កំណត់​ហេតុ​បណ្ដាញ​បាន​ជាង​១ឆ្នាំ​ប៉ុណ្ណោះ ។ សូម​បញ្ជាក់​ថា​កំណត់ហេតុ​បណ្ដាញ​ពិតជាមាន​សារៈសំខាន់ និង ភាពងាយ​ស្រួលមែនសម្រាប់អ្នកដែល​មិន​សូវ​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា គឺ​ពួក​គេ​អាច​បង្កើត​កំណត់ហេតុ​បណ្ដាញ​ផ្ទាល់ខ្លួន​បានក្នុង​រវាង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយ​អាច​បង្កើត​បាន​ទាំងកំណត់ហេតុ​បណ្ដាញ​ភាសាខ្មែរ និង​ភាសា​ផ្សេង​ៗ​ទៀត។

ខ្ញុំ​ជ្រើស​កំណត់ហេតុ​បណ្ដាញ​នេះ​ដើម្បី​បង្កើត​ជា​កំណត់ហេតុ​បណ្ដាញ​រឿង​កំប្លែង ព្រោះ​ខ្ញុំ​គិតថា​វា​អាច​ផ្ដល់​ភាព​សប្បាយ​រីករាយ រំសាយ​ទុក​កង្វល់​បាន​មួយគ្រាៗ​ក្នុង​កំឡុង​ពេល​មានស្ត្រេស​ដែល​បណ្ដាល​មក​ពី​ការងារ​ផ្សេងៗ ឬ​ការ​ពិបាកចិត្ត និង​ការ​ស្មុគស្មាញ​ផ្សេងៗ ។ល។ តែ​ទោះ​ជា​យ៉ាងណារឿង​កំប្លែង​ទាំង​អស់​នេះ​គឺ​ខ្ញុំ​គ្មាន​ជំនាញ​ក្នុង​ការ​បង្កើត​រឿង​ដោយ​ខ្លួន​ឯង​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ប្រមូល​រឿង​កំប្លែង​ទាំង​នេះ​ពី​ប្រភព​ផ្សេងៗ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​សូម​អភ័យ​ទោស​ដល់​អ្នក​ដែល​បាន​បង្កើត​រឿង​ទាំង​អស់​នេះ​ឡើង​ផង​ដែរ​ដែល​ខ្ញុំ​ពុំ​បាន​សុំ​ការ​អនុញ្ញាតិជាមុន ក្នុង​ការ​បញ្ចូល​រឿង​នេះ​ទៅ​ក្នុង​កំណត់​ហេតុ​បណ្ដាញ​របស់​ខ្ញុំ។ ការពិត​ទៅខ្ញុំ​ពុំបាន​យករឿង​ទាំង​នេះ​មក​ធ្វើ​ជា​អាជីវកម្ម​អ្វីដែរ គ្រាន់​តែ​ប្រមូល​ទុក​ជា​ឯកសារ​សម្រាប់​មនុស្ស​គ្រប់​រូប​ចូលអាន​កំសាន្តតែ​ប៉ុណ្ណោះ ណាមួយ​ចង់​លើក​ស្ទួយ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ក្នុងបណ្ដាញ​អ៊ីនធឺណិត​ផង​ដែរ ជា​ពិ​សេស​គឺ​ចូល​រួម​ជួយ​លើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ។


សូមអរគុណ​​យ៉ាង​ជ្រាលជ្រៅចំពោះលោកអ្នក​ទាំង​អស់​គ្នា​ដែល​បាន​ចូល​មក​កាន់​កំណត់​ហេតុ​បណ្តាញ​នេះ សម្រាប់​ទស្សនាកំសាន្ត​រឿង​កំប្លែង​ផ្សេងៗ។ ខ្ញុំ​​រីករាយ​​នឹង​​ទទួល​ការ​ផ្តល់​យោ​បល់​នា​នា​អំ​ពី​លោក​អ្នក​អាន​ជានិច្ច។

បេ​ ចន្រ្តា