សួស្ដីឆ្នាំថ្មី

January 1, 2007

ខ្ញុំ​មានមោទនភាព​មែនទែន!!!

October 13, 2006

ថ្ងៃ​នេះ​សូម​ណែនាំ​អំពី​ផលិត​ផល​ខ្មែរ ហើយ​ជាពិសេស​វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​អាច​បង្កើត​កំណត់ហេតុ​កំប្លែង​ជា​ភាសាខ្មែរ​បាន​ផង។ នោះគឺ ៖

ស៊ីឌី​កម្មវិធី​កុំព្យូទ័រភាសាខ្មែរ និង យូនីកូដខ្មែរ។

តើ​មិត្ត​អ្នក​អាន​ជឿ​ទេ ថា​ខ្ញុំ​ជា​អ្នក​រចនា​រូប​សម្បក​ស៊ីឌីឡើង? 

លីនុច-ស៊ូស៊ី ១០.១ ជាភាសាខ្មែរ ប្រព័ន្ធ​ប្រតិបត្តិការ​តែ​មួយ​គត់​ដែល​មាន​ភាសាខ្មែរ​ពេញលេញ។

តើ​មិត្តអ្នក​អានយល់​យ៉ាងណាដែរ? 

រូបភាពកំប្លែង

September 25, 2006

ហា៎ក…!! ហ្នឹង​រូបភាព​កំប្លែង…​ថា​លេងទេ! នេះ​ជា​រូបភាព​នៃ​ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​វាយ​អត្ថបទ​យូនីកូដ​ខ្មែរ​ដណ្ដើម​ជើងឯក​ទូទាំង​ប្រទេស​ របស់​ក្រុម​គម្រោង​កម្មវិធី​កុំព្យូទ័រភាសាខ្មែរ (KhemrOS)។ សូម​មើល​ព័ត៌មាន​ពិស្ដានៅ ទីនេះ…!

បុណ្យកាន់បិណ្ឌ

September 14, 2006

ទាក់ទិន​នឹង​បុណ្យ​កាន់បិណ្ឌ​នេះ បើ​តាម​លំអាន ទំនៀម​ទំលាប់​ខ្មែរ​បុរាណ ដែល​រៀបរៀង​ដោយ​លោក​ញាណ ភឿន និង​លោក​ម៉ម ឆៃ បាន​បញ្ជាក់​ថា ៖ជា​បឋម​លោក​អាចារ្យ​វត្ត​ចាត់ការ​ប្រមូល​ផ្តុំ​ក្រុមគ្រួសារ​បញ្ចូល​គ្នា​ឱ្យ​បាន​១៤ក្រុម ឬ១៤​វេន ដើម្បី​ធ្វើ​បុណ្យ ដាក់​បិណ្ឌ​តាម​វេន​នីមួយៗ ឬ​ក៏​ចំណុះ​ជើង​វត្ត​ណា​មួយ ចំនួន​ក្រុម​វេន​តូចៗ តាម​ទម្លាប់​ធ្វើ​ចង្ហាន់​រាល់​ថ្ងៃ គ្រប់​១៤​វេន​ក៏​ល្មម​ទៅ បើ​ច្រើន​ក៏​បង្រួម​គ្នា​ឱ្យ​បាន​ត្រឹម​១៤​ក្រុម​នោះ​ឯង។ បើ​កន្លែង​ទីក្រុង​ទីផ្សារ ច្រើន​ផ្តល់​បច្ច័យ​ឱ្យ​អាចារ្យ យាយតា​គណៈកម្មការ​វត្ត​ធ្វើ​ចង្ហាន់​ប្រចាំ​ថ្ងៃ តាំង​ពី​បិណ្ឌ​១​ទៅ​ហើយ​អ្នក​ដទៃ អាច​ធ្វើ​ថ្ងៃ​ណា​ជា​ឯកជន​ក៏​បាន ប៉ុន្តែ​ទោះ​ធ្វើ​ជា​ក្រុម វេនក្តី ប្រមូល​ឱ្យ​យាយតា​ធ្វើ​នៅ​វត្តក្តី ក៏ក្នុង​រយៈ ពេល​១៤​ថ្ងៃ​ខែ​ភទ្របទ​នេះ កំណត់​ឱ្យ​ឈ្មោះ​ថា “បុណ្យ​ដាក់​បិណ្ឌ” ។ នៅ​ថ្ងៃ​១៥​រោច ខែ​ភទ្របទ ថ្ងៃ​នេះ​មិនមាន​ក្រុម​វេន​ទេ គឺ​គេ​រួម​គ្នា​ចំណុះ​ជើងវត្ត​ទាំងអស់ ដែល​បាន​ធ្វើ​ទាំង​១៤​បិណ្ឌ​នោះ​រួច ធ្វើ​មួយ ថ្ងៃ​ហៅថាថ្ងៃភ្ជុំ (បុណ្យ​ភ្ជុំ​បិណ្ឌ)។ ចំពោះ​ថ្ងៃ​ដាក់​បិណ្ឌ​នីមួយៗ មេ​វេន​ចែក​ជា​៣​ឬ​៤​ក្រុម​តូចៗ ធ្វើ​យាគូ ឬ​ធ្វើ​ភត្តា​ហារ​ជា​៣​ឆ្នាំង ឬ​៤​ឆ្នាំង​ស្មើ​៣​មុខ ឬ​៤​មុខ ។ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​អ្នក​ក្រុម​វេន​ចាប់ផ្តើម​ធ្វើ​ចង្ហាន់ ហើយ​តាយាយ​ចាស់ក្នុង​ក្រុម​វេន​យក​ផ្ទះ​ណា​មួយ​ទៅ​នាំគ្នា​ប្រមូល​នំនែក​រៀបចំ បាយបិណ្ឌ បាយបត្តបូរណ៍។ រៀបចំ​រួច​ហើយ​គាត់​នាំ​គ្នា​ទៅ​វត្ត​ស្តាប់​លោក​សូត្រថ្វាយ​បង្គំ​ធម៌​សុខោ និង​ធម៌ បរាភវសូត្រ។ កូនចៅ​នៅ​ឯផ្ទះ​គេ​ខំ​ដុត​ដៃដុត​ជើង​បបរ ឬ​ស្លស្លុក តាម​មុខ​ម្ហូប​ដោយ​ឡែកៗ​ក្នុងភាព​សប្បាយ​រីករាយ ។ ព្រឹកព្រាង​អរុណ​ណោទ័យ ពួកគេ​នាំគ្នា​រៀបចំ​ខ្លួន កណ្តៀត យួរ កាន់ ខ្លះទូល រែក សែង ចង្ហាន់​ទៅ​វត្ត។ គេ​ធ្វើ​ពិធី​រាប់​បាត្រ​ជាមួយ​បរិស័ទ​ស្រីប្រុស ក្មេង ចាស់ លើ​ឧបដ្ឋាន​សាលា យ៉ាង​កកកុញ កុះករ និង​រៀបចំ​ចង្ហាន់ ។ លោក​អាចារ្យវត្ត ជា​ប្រធាន​បាននាំ​បរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរបាយបត្តបូរណ៍ ៘ ព្រះសង្ឃ​ធ្វើ​បត្តានុមោទន​គាថា ដោយតិរោកុឌ្ធសូត្រអទាសិមេយ​ទិហិនេ ឬ​បច្ចយាការ​(អវិជ្ជា)​ឬ​ក៏​កស​លាត​ទនន្តរំ​៘ សមគួរតាមពេលវេលា ។ អង្គាសចង្ហាន់ ហើយមេវេន នាំ​ក្រុម​វេន​រៀបចំ​ម្ហូប​អាហារ​នំចំណី​ចូលគំនាប់-ជូន​លោក​អាចារ្យវត្ត ព្រមទាំង​ចាត់ចែង​ភោជនាហារ ទទួលភ្ញៀវ ដែល​អញ្ជើញ​ទៅ​បុណ្យ​ក្នុងវេន​របស់​ខ្លួន​នោះ​ផងដែរ ។ លុះពេល​ថ្ងៃ​ត្រង់​ក្រុម​វេន​ដដែល​នេះ ធ្វើ​ភត្តាហារ​ចង្ហាន់​ផ្សេងៗ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ទៀត ។ ពេល រសៀល ក្រុម​វេន​នីមួយៗ នាំ​គ្នា​សរុប​ធ្វើ​ភេសជ្ជៈ​ប្រគេន​ព្រះសង្ឃ ហើយ​វត្ត​ខ្លះ​មានទេសនាមហាជាតក (រឿងព្រះវេស្សន្តរ) តាម​លំដាប់​កណ្ឌ​តាម​លំដាប់​វេន​ផង​ដែរ ឬ​ក៏​ទេសនា​ធម៌ណា​តាម​លោក​ចុះ ។ សូម​បញ្ជាក់​ថា ក្នុង​ក្រុម​វេន​នីមួយៗ ក្រៅ​ពី​ចំណាយ​ធ្វើ​ចង្ហាន់ ភេសជ្ជៈ ក៏​នៅ​មាន​សល់​បច្ច័យ​សម្រាប់ តម្កល់​កសាង​វត្តអារាម​គ្រប់​វេន​ផង​ដែរ ។ ការ​រៀបរាប់​មក​នេះ​គ្រាន់តែ​សេចក្តី​ខ្លីៗ នៃ​ពិធីបុណ្យ​ដាក់ បិណ្ឌ​តាម​ថ្ងៃ តាម​ក្រុម​វេន​នីមួយៗ​ប៉ុណ្ណោះ ដើម្បី​ជា​ពន្លឺ​ខ្លះៗ​ដល់ជនានុជន​ដែល​ពុំ​ធ្លាប់​ដឹង ។ ការ​ធ្វើ​នេះ តាំង​ពីបិណ្ឌ​១ (ថ្ងៃ១រោច ខែភទ្របទ) តទៅ​ដល់​ថ្ងៃទី ១៤ រោច គឺ១៤ ថ្ងៃ ហៅថា បុណ្យដាក់បិណ្ឌ ។ ក្នុង​បិណ្ឌ​នីមួយៗ​នេះ មាន​រៀប​បាយបត្តបូរណ៍​គ្រប់វេន ហើយ​ជា​រៀងរាល់​ព្រឹក​នោះ​គេ​ធ្វើ​បាយ​បិណ្ឌ សម្រាប់ បញ្ជូន​ទៅ​ឱ្យ​ពួក​ប្រេត​ទៀត​ផង ។

តើ​​អ្វី​ទៅ​ជា​បាយបិណ្ឌ និង​បាយបត្តបូរណ៍ ?

តើគេធ្វើនៅពេលណា ? ធ្វើដើម្បីអ្វី ?
បាយបិណ្ឌ​នេះ​ពុំ​មែន​បាយ​ដែល​យក​ទៅ​រាប់បាត ឬ​ប្រគេន​ព្រះសង្ឃ​នោះ​ទេ គឺ​ជា​បាយ​ម្ហូប​ម្ហារ​ចំណី​បង្អែម ចង្អាប​របស់​ពុទ្ធ​បរិស័ទ​ដាក់​បញ្ចូល​គ្នា​តែ​១បាត​ ឬ​១ចាន​ស្រាក់ ដោយ​ឡែក​ប៉ុណ្ណោះ ។ ចាស់ទុំ​ក្នុង​វេន​ក្តី អ្នក​ក្រៅ​ក្តី និយាយ​រួចរាល់​ថ្ងៃ​ដាក់​បិណ្ឌ​គាត់​មាន​គ្នា​ជិត​ខាង ពេលស្គរ​វស្សា​បន្លឺ​ឡើង​គាត់​មក​ជួប​ជុំ​គ្នា ក្នុង​ផ្ទះ​ណា​មួយ ហើយ​ដាក់​បាយ​បន្តិច ម្នាក់​ប្រមូល​ដាក់​ចាន១ ឬ​ចាន​ស្រាក់​តូច១ ដាក់​ម្ហូបមាន​ទឹក មានគោក មានក្រៀម តាម​បាន និង​ចិតនំ ឬ​ត្របែកទុំ ឬ​ល្ហុងទុំ​នំថង់​ជាដើម ដាក់​ចំរុះ​គ្នា ហើយ​អុជ ទៀនធូប ច្រូច ទឹកតិចៗ និយាយ​អញ្ជើញ​ព្រលឹង​វិញ្ញាណ​ញាតិ​មិត្ត​ម៉ែឪ​ស្លាប់​ទៅ ឱ្យ​មក​ទទួល​សោយ​នូវ អាហារ​ចំណី​ខែ​មន្តសន់​រដូវ​នេះគ្រប់ៗគ្នា។ យាយៗ​ពេល​ធ្វើ​កិច្ច​នេះ​គ្រប់គ្នា​ហើយ គាត់​នាំ​គ្នា​កាន់​បាយបិណ្ឌ​នេះ​ទៅ​ពេល​នោះ​តែម្តង មុនក្មេងៗដែល​នៅ​បបរ​ស្លស្លុក​ចង្ហាន់​នោះ​ឯង ។ ពេល​លោក​សូត្រ​ធម៌ សូត្រសុខោ សូត្រ បរាចប់ហើយ ក៏​គាត់​យក​បាយបិណ្ឌ​នេះ​ទៅ​ចាក់​ត្រង់​គល់​ឈើ​ឬ​ជ្រុង​ព្រះវិហារ អុជធូប និយាយ​ចប់​ត្រឡប់​មក​ឧបដ្ឋាន​សាលា​វិញ ។ កន្លែង​ខ្លះ​គេ​ទុក​ដល់​អាចារ្យ​វេរ​ចង្ហាន់​លោក រួច​ទើប​យក​ទៅ ចាក់​ដូចគ្នា​នោះ តាម​ទំលាប់ និយម​របស់​កន្លែង​នីមួយៗ ។
បាយបត្តបូរណ៍​នេះ​សំដៅ​យកនំនែក អន្សម ផ្លែ​ឈើព្រៃ ដែល​ក្នុង​វេន​នីមួយៗ គេ​តម្រូវ​បំរុង​ទុក​ជា​ស្រេច ពេល​ស្គរ​វស្សា​ទូង​ឡើង​ចាស់ៗ​ដែល​រៀប​បាយបិណ្ឌ​នោះ​ក៏​កាន់នំ អន្សមចេក មៀន ៘ តាម​សទ្ធា​ជ្រះថ្លា យក​មក​ដាក់​រួម​គ្នា​ក្នុង​ល្អី ឬ​ថាសធំ ឬ​ចានដែក (ខ្លះ​របស់​នេះ​ខ្លះ​របស់​នោះ) ហើយ​ធ្វើ​ជា ផ្កាឬទង់ដោត ចំកណ្តាល គេ​ក៏​អុជ​ធូប​ឧទ្ទិសកុសល​ម្តង​រួច​ហើយ​នៅ​ឯ​ផ្ទះ​ជុំ​គ្នា​នោះ រួច​នាំ​យក​ទៅ​វត្ត​ទុក​វេរ​ប្រគេន ព្រះសង្ឃ​ជាមួយ​គ្នា និង​យាគូ​ឬ​ភត្តាហារភោជន​ក្នុង​ក្រុម​វេន​របស់​គេ​នោះ​តែ​ម្តង ។ ដូច្នេះ​ពាក្យ​ថា បាយបត្តបូរណ៍​តាម​ពិនិត្យ​មើល​ទៅ​ពុំ​មាន​បាយ​សោះ គឺ​សុទ្ធតែ​នំអន្សម​ផ្អែម និង​ផ្លែឈើ​ទាំងអស់ ។ ចំណុច​ដែល​ហៅថា​បាយបត្តបូរណ៍ ប្រហែល​ជា​បុរាណ​លោក​ចង់​យក​ន័យថា នំអន្សម បង្អែមទាំង​នេះ​គឺជា វត្ថុ​បំពេញ​បន្ថែម​ឱ្យ​ពេញ​បរិបូរណ៍​លើ​បាយ​ទឹក ចង្ហាន់​ដាក់​បិណ្ឌ​របស់​ក្រុម​វេន​គេ​បាន​ជា​ឱ្យ​ឈ្មោះ​យ៉ាងនេះ។
បុណ្យ​ដាក់​បិណ្ឌ​គឺ​ជា​បុណ្យ​ដ៏​ធំ​មួយ​របស់​ជាតិសាសន៍​ខ្មែរ ដែល​នៅ​រដូវនេះ​គេ​សង្កេត ប្រជាពលរដ្ឋ​ខ្មែរ ទាំងចាស់ ក្មេង កំលោះ ក្រមុំ បាន​នាំ​គ្នា​ភ្ញាក់​ពី​ម៉ោង​៤​ទៀប​ភ្លឺទៅ​វត្តអារាម ​ដើម្បី​បោះ​បាយបិណ្ឌ នៅ​ជុំវិញ​ព្រះវិហារ ។ ការ​ធ្វើ​បែប​នេះដោយសារ​គេ​មាន​ជំនឿ​ថា ខ្មោចព្រាយ បិសាច ចេញ​មក​ទទួល យក​បាយបិណ្ឌ​នេះ​បាន​នៅ​ពេល​មុនថ្ងៃរះ​តែ​ប៉ុណ្ណោះ ហើយ​ពិធី​នេះ​តែងតែ​ប្រារឰ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នៅ តាម​វត្តអារាម​នានា​ទូទាំង​ប្រទេស ដោយ​ពួកគេ​បាន​រៀបចំ​ម្ហូបអាហារ នំចំណី​ប្រគេន​ចំពោះ​ព្រះសង្ឃ ហើយ​ធ្វើការ​ឧទ្ទិសកុសល​ដល់​សាច់ញាតិ​ក្រែង​ស្លាប់​ទៅ​កើត​ទី​ថោកទាប (ប្រេត) ឱ្យ​មក​ទទួល​ផល​ដែល​កូនចៅ​ធ្វើ​ជូន​តាមរយៈ​ព្រះសង្ឃ ។ ជា​ពិសេស​ពុទ្ធបរិស័ទ​តែង​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ឬ​កន្លែង ដែល​មាន​សាច់ញាតិ​ស្លាប់ ដើម្បី​បញ្ជូន​កុសល​ឱ្យ​ដល់​ព្រលឹង​អ្នកស្លាប់ ដោយ​គ្រួសារ​ខ្លះទៀត​និមន្ត ព្រះសង្ឃ​បង្សុកូល​ថែម​ទៀត ហើយ​ពិធីបុណ្យ​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ។ កូនចៅ​មួយ​ចំនួនធំ​បាន​ទិញ​ម្ហូបអាហារ​ លុយកាក់​ជូន​ចំពោះ​ឪពុកម្តាយ ជីដូន​ជីតា ខ្លះ​ទៀត​ក៏​ងូត​ទឹក​ជូន​ដល់​ចាស់ទុំ​ក្នុងភូមិ​ថែម​ទៀត ។